ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រឿងចក្រលាយបេតុងខ្នាតយក្ស គ្មានច្បាប់សាងសង់ និងគ្មានការអនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធមួយកន្លែង បានដួលបាក់រលំបង្កការភ្ញាក់ផ្អើលពីពលរដ្ឋនៅជិតនោះ

    BY Khmernote Media July 21, 2022
    គ្រឿងចក្រលាយបេតុងខ្នាតយក្ស គ្មានច្បាប់សាងសង់ និងគ្មានការអនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធមួយកន្លែង បានដួលបាក់រលំបង្កការភ្ញាក់ផ្អើលពីពលរដ្ឋនៅជិតនោះ

    ខេត្តមណ្ឌលគិរី៖ គ្រឿងចក្រលាយបេតុងខ្នាតយក្ស ដែលមិនមានច្បាប់សាងសង់ មិនមានច្បាប់អាជីវកម្ម និងគ្មានការអនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធមួយកន្លែង បានដួលបាក់រលំបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកមានផ្ទះជិតខាងនោះ ព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាព ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ចំនុចជិតថ្នាលបណ្តុះកូនឈើសែនមនោរម្យ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

    ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា មុនកើតហេតុនាព្រឹកថ្ងៃទី២០ ខែកក្កដា គេបានឃើញរថយន្តដឹកស៊ីម៉ង់ត៍រាប់សិបតោន បានឈប់ផ្ទេរស៊ីម៉ង់ត៍ចេញពីរថយន្តសណ្តោង បញ្ជូនទៅតៅឬស៊ីទែនផ្ទុក ដែលមានជើងទំរកំពស់ប្រមាណ២០ម៉ែត្រ ចំនួនបី។ប្រជាពលរដ្ឋបន្តថា នៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃដដែល ក៏មានភ្លៀងធ្លាក់មួយមេធំ បានមួយស្រប៉ក់ស្រាប់តែគេប្រទះឃើញថា តៅសម្រាប់ផ្ទុកស៊ីម៉ង់ត៍មួយក្នុងចំណោមបី បានបាក់ទ្រេតដល់ដី ហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

    ក្រោយក្រុមមន្ទីរជំនាញដែលបានចុះដល់កន្លែងកើតហេតុ រួមមានអាជ្ញាធរក្រុង មន្ត្រីមន្ទីរដែនដី មន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ សមត្ថកិច្ចនគរបាលនិងអាវុធហត្ថ បានរកឃើញថា ទីតាំងដែលដំឡើងម៉ាស៊ីនស្វ័យប្រវត្តិលាយបេតុងស្រាប់ខាងលើនេះ បានធ្វើអាជីវកម្មដោយគ្មានសុំច្បាប់អនុញ្ញាតពីមន្ត្រីជំនាញណាទាំងអស់ រួមទាំងអាជ្ញាធរដែនដី។

    ខណៈមន្ត្រីជំនាញទាំងអស់កំពុងចុះពិនិត្យពីផលប៉ះពាល់ ដែលបណ្តាលមកពីការបាក់តៅផ្ទុកស៊ីម៉ងឆៅនេះ ម្ចាស់ឃ្លាំងសំណង់ដែលមានឈ្មោះ ហ៊ាង ឆៃលី បានអះអាងថា មូលហេតុដែលបណ្តាលឲ្យបាក់នេះ មិនមែនខុសបច្ចេកទេសទេ គឺមកពីគាត់ផ្ទុកស៊ីម៉ង់ត៍លើសចំនុះតាមពាក្យគេប្រាប់…ព្រោះតៅមួយអាចផ្ទុកស៊ីម៉ង់ត៍បាន១០០តោន បីតៅនេះមានចំនុះ៣០០តោន…បន្ទាប់ពីដាក់ពេញ ក៏បាក់ស្រឹបតែម្ដង។

    លោក ឆៃ លី បន្តថា ម៉ាស៊ីនដែលគាត់បានដំឡើងសម្រាប់ធ្វើបេតុងលាយស្រេចនេះ គ្មានក្រុមហ៊ុនណាសង់ឲ្យទេ ពោលគឺគាត់បានទិញពីកន្លែងក្ស័យធនមួយកន្លែង យកមកដំឡើងដោយខ្លួនឯងតាមរបៀប ចាប់ឆាយ។

    លោក តូវ សុធារ៉ា ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា”ទីតាំងដែលគេបានសង់សំណង់សម្រាប់លាយបេតុងនេះ គឺមិនមានច្បាប់ពីខាងមន្ទីររបស់លោកនោះទេ ហើយកន្លងមកនេះ មន្ទីរបានចេញលិខិតអញ្ជើញម្ចាស់អាជីវកម្មខាងលើនោះ ទៅសុំច្បាប់និងប្រឹក្សាបច្ចេកទេសពីមន្ទីរ ប៉ុន្តែម្ចាស់ទីតាំងគឺមិនសហការជាមួយមន្ត្រីជំនាញឡើយ”។

    សូមរំឮកថា មុនកើតមានករណីបាក់តៅផ្ទុកស៊ីម៉ង់ត៍ទម្ងន់រាប់រយតោននេះ ទីតាំងឃ្លាំងស្តុបគ្រឿងសំណង់ដ៏ធំនេះ ក៏ត្រូវបានអាជ្ញាធរក្រុងសែនមនោរម្យ និងមន្ទីរដែនដីខេត្តមណ្ឌលគិរី ចេញលិខិតផ្អាកការដ្ឋានពីរលើករួមមកហើយ កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ជុំវិញការសង់របងរំលោភយកអូរទឹកធម្មជាតិនៅខាងក្រោយឃ្លាំងនេះ។ ប៉ុន្តែម្ចាស់ទីតាំង លោក ហ៊ាង ឆៃលី ដែលមានងារជាឯកឧត្តមផងនោះ មិនបានអនុវត្តន៍តាមមន្ត្រីជំនាញទេ ថែមទាំងបន្ថែមសកម្មភាពសាងសង់រួចរាល់ ហើយនៅថ្ងៃទី២០ ខែកក្កដា ក៏កើតមានករណីបាក់រំលំគ្រឿងចក្រខ្នាតយក្សនេះម្តងទៀត៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

    Share This Post: