ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការប្រែប្រួលតម្លៃប្រេងសកល បានធ្វើឱ្យតម្លៃប្រេងសាំងក្នុងទីផ្សារកម្ពុជាបន្តធ្លាក់ចុះ

    BY Khmernote Media July 21, 2022
    ការប្រែប្រួលតម្លៃប្រេងសកល បានធ្វើឱ្យតម្លៃប្រេងសាំងក្នុងទីផ្សារកម្ពុជាបន្តធ្លាក់ចុះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការបន្តធ្លាក់ចុះនៃតម្លៃប្រេងសាំងក្នុងទីផ្សារ កម្ពុជា គឺដោយសារការប្រែប្រួលតម្លៃប្រេងសកល និងការផ្គត់ផ្គង់ប្រេងឥន្ធនៈពី ប្រទេសអ្នកផលិតមានការកើនឡើង ដែលធ្វើឱ្យតម្លៃប្រកួតប្រជែងសកលមានការប្រែប្រួល ចំណែកតម្លៃដើមនៃការនាំចូលមកកាន់ទីផ្សារកម្ពុជា ក៏មានការថយចុះដែរ។

    ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា នេះថា ការបន្តធ្លាក់ចុះនៃតម្លៃប្រេងសាំងនៅលើទីផ្សារកម្ពុជានេះ គឺយោងទៅតាមការ ប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ គួបផ្សំនឹងការចូលរួម អន្តរាគមន៍ពីខាងរដ្ឋាភិបាលផងដែរ។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦.៥សេន ដុល្លារក្នុង១លីត្រ។ ដូច្នេះ តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់ថ្ងៃទី២១ ដល់ ថ្ងៃទី៣១ ខែកក្កដា នឹងចុះមកនៅត្រឹម ៤៨០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និង៥៣០០រៀល សម្រាប់ ប្រេងម៉ាស៊ូត ពោលគឺប្រេងធម្មតាធ្លាក់ចុះ ៤៥០រៀល និងម៉ាស៊ូតធ្លាក់ចុះ ៣០០រៀល។

    គួរបញ្ជាក់ថា នេះជាលើកទី២ហើយ នៃការធ្លាក់ចុះនៃតម្លៃប្រេងសាំងក្នុងទីផ្សារកម្ពុជា សម្រាប់ខែកក្កដានេះ ចាប់តាំងពីតម្លៃប្រេងសាំងបានហក់ឡើងខ្ពស់ ដោយសារតែពិភពលោក រួមនិងកម្ពុជាផង បានរងផលប៉ះពាល់ដោយសារតែវិបតិ្តសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: