ក្រសួងពាណិជ្ជកម្មអំពាវនាវកុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភរឿងអង្ករ គឺគ្មានឡើងថ្លៃឡើយ
រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មអំពាវនាវដល់ប្រជាពលរដ្ឋមិនចាំបាច់ព្រួយបារម្ភរឿងអង្ករឡើងថ្លៃឡើយ ដោយសារមានក្រុមហ៊ុននៅក្នុងស្រុកអាចផ្គត់ផ្គងតាមតម្រូវការបានគ្រប់គ្រាន់ ដែលអាចជួយរក្សាតម្លៃនៅលើទីផ្សារឱ្យនៅថេរ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា តម្លៃអង្ករនិង គ្រឿងឧបភោគបរិភោគមួយចំនួន គឺគ្មានការឡើងថ្លៃឡើយ ដោយសារតែកម្ពុជាមានការបម្រុងទុកនូវស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយកម្ពុជាក៏សល់ស្រូវអង្ករដែលអាចនាំ ចេញទៅកាន់ទីផ្សារក្រៅ ប្រទេសជាច្រើន ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារធំជាងគេសម្រាប់នាំចេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តមបន្តថា ក្រសួងពាណិជ្ជកម្មមានក្រុមហ៊ុន ហ្គ្រីនត្រេដជាសេនាធិការក្នុងការអនុវត្តគោលនយោបាយស្រូវ-អង្ករនិងសន្និធិបម្រុងរដ្ឋ។ ក្រៅពីស្រូវអង្ករក្រុមហ៊ុនបានទទួលការគ្រប់គ្រងសន្និធិស្បៀងត្រៀមបម្រុងយុទ្ធ សាស្ត្រជារូបវ័ន្តបន្ថែមរបស់រាជរដ្ឋាភិបាលរួមមាន មីកញ្ចប់ ត្រីខកំប៉ុង ទឹកសុទ្ធ ទឹកត្រី និងទឹកស៊ីអ៊ីវ ។
« វិស័យឯកជនក៏អាចនឹងរួមចំណែកជាមួយ នឹងក្រសួងនៅក្នុងការប្រឹងប្រែងកាត់បន្ថយថ្លៃដែលធ្វើឱ្យថ្លៃលក់នោះអាចស្ថិតនៅក្នុងលំដាប់មួយឬក៏កម្រិតមួយដែលទទួលយកបានទាំងអ្នកផលិតទាំងអ្នកប្រើប្រាស់ នេះជាអ្វីដែលយើងអាចរួម ចំណែកបាននៅក្នុងការកាត់បន្ថយថ្ងៃទំនិញ ហើយសូម ជម្រាបផងដែរ នេះជាអ្វីដែលយើងអាចចូលរួមចំណែកបាននៅក្នុងការកាត់បន្ថយថ្លៃទំនិញហើយខ្ញុំបាទសូមឆ្លៀត ឱកាសនេះជម្រាបផងដែរថា ទំនិញឡើងថ្លៃបន្តិចមែនតែបើធៀបនឹងប្រទេសដទៃ យើងនៅក្នុងលំដាប់មួយដែលយើងអាចធានាបានហើយសូមជំរាបថា ប្រទេសយើងជាប្រទេសផលិតស្បៀង ដូច្នេះក្នុងនាមជាប្រទេសផលិតស្បៀងកុំភ័យថាអត់ស្បៀងអស់ យើងត្រូវតែមានស្បៀងគ្រប់គ្រាន់ពីព្រោះយើងសល់អង្ករនាំចេញទៀត ចឹងអ្វីដែលយើងភ័យខ្លាចគឺអត់មានកន្លែងលក់ តែបើសិនជាត្រឹមតែផ្គត់ផ្គង់សម្រាប់បម្រើជីវភាពយើងនិងធានាឱ្យមានតម្លៃសមស្របទៅតាមយុទ្ធសាស្ត្រក្រសួង គឺមានទំនិញប្រកបដោយគុណភាព ទំនិញប្រកបដោយតម្លៃសមស្រប ដែលប្រជាពលរដ្ឋអាចទទួលយកបាន» ។
ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានបញ្ចេញស្តុកប្រើប្រាស់សម្រាប់គ្រោះមហន្តរាយនិងក្នុងបរិបទដែលជំងឺកូវីដ១៩ មានដូចជា៖ អង្ករចំនួន ១២,០០៦តោន ទឹកបរិសុទ្ធចំនួន ១៥១,៦០០កេស មីកញ្ចប់ចំនួន ៤៧២,៣០០ កេស ទឹកត្រីចំនួន ១,៧៥២,៦០០ដប ស្មើនឹង ២៩២,១០០យួរ ទឹកស៊ីអ៊ីវចំនួន ១,៩២០,៦០០ដប ស្មើនឹង ៣២០,១០០យួរ និងត្រីខកំប៉ុងចំនួន ៣៧៧,៥៣០កេស។
សូមបញ្ជាក់ថា ក្រុមហ៊ុនហ្គ្រីនត្រេដ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ថិតក្រោមបទប្បញ្ញត្តិស្តីពីសហគ្រាសសាធារណៈ មានទម្រង់ជាក្រុមហ៊ុនរដ្ឋនៃក្រសួងពាណិជ្ជកម្ម ហើយក្រុមហ៊ុននេះស្ថិតក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្មផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ភារកិច្ចចម្បងរបស់ក្រុមហ៊ុន គឺគ្រប់គ្រងសន្និធិស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដែលស្ថិតក្រោមប្រព័ន្ធស្បៀងបម្រុងរបស់កម្ពុជា ដែលហៅកាត់ថា ប.ស.ប.ក សម្រាប់ប្រើប្រាស់ក្នុងគ្រាមានគ្រោះមហន្តរាយផ្សេងៗកើតឡើងជាយថា ហេតុនៅក្នុងប្រទេស ៕

ប្រភព៖ ក្រសួងព័ត៌មាន