ឯកឧត្តម ហ៊ុន ម៉ានី ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលមួយចំនួន បង្កើតតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ឯកឧត្តម ដែលមានចេតនាទុច្ចរិត
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ សូមប្រកាសច្រានចោល ចំពោះគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោក ដើម្បីផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។

ក្នុងគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា “សូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណីមានបុគ្គលមួយចំនួនបានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីទាក់ទងជាមួយបងប្អូនក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។ ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ។ ខ្ញុំសូមជូនដំណឹងដល់បុគ្គលដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុច្ចរិត មិនស្មោះត្រង់នេះបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន“៕





ប្រភព៖ Hun Many