ឯកឧត្តម គួច ចំរើន ផ្ញើសារបន្ទាន់មួយ ក្រោយលឺដំណឹងថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអ៊ុតស្វា បានរត់គេចពីប្រទេសថៃ ចូលមកកាន់ខេត្តព្រះសីហនុ (មានវីដេអូ)
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សារបន្ទាន់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តីពីករណីបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលកើតជំងឺអ៊ុតស្វា បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ ចូលមកកាន់ខេត្តព្រះសីហនុ។

នៅក្នុងសារបន្ទាន់របស់ ឯកឧត្តម គួច ចំរើន បានមានប្រសាន៍ថា៖ ” ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹករបស់យើងជួយយកចិត្តទុកដាក់ទាំងអស់គ្នា ក្រុង-ស្រុក មន្ទីរទេសចរណ៍ មន្ទីរការងារ ដែលពាក់ព័ន្ធជាមួយបញ្ហាមនុស្ស សូមយកចិត្តទុកដាក់ជនជាតិនីហ្សេរីយ៉ារូបនេះជាបុគ្គល ដែលកើតជំងឺអ៊ុតស្វា បានរត់គេចពីអ្នកគ្រប់គ្រងរបស់រដ្ឋាភិបាលថៃ លឺតាមដំណឹងគឺបានឆ្លងមកកាន់ខេត្តព្រះសីហនុរបស់យើង អ៊ឹចឹងសូមបង្កើតការគ្រប់គ្រង ដោយស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់ ក្នុងករណីដែលបានដឹង បានឃើញព័ត៌មាននេះនៅកន្លែងណា គឺសូមឱ្យរាយការណ៍មកសុខាភិបាល ដើម្បីចាត់វិធានការគ្រប់គ្រង បញ្ហាសុខភាព ឱ្យបានលឿនបំផុត និងសូមគ្រប់មន្ទីរអង្គភាព មានការពាក់ព័ន្ធ ការគ្រប់គ្រង់មនុស្សអាជ្ញាធរ មូលដ្ឋានកងកម្លាំងប្រដាប់អាវុធ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងករណីនេះ “។
សូមបញ្ជាក់ផងដែរថា ក្រោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គ្រប់មន្ដ្រីសុខាភិបាលដែលប្រចាំការនៅតាមច្រកទាំងអស់ ដោយសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងត្រៀម។ អាជ្ញាធរកំពុងដុតដៃដុតជើងគ្រប់ច្រកទាំងអស់ មិនថាដីគោក ឬផ្លូវទឹក ហើយមន្ដ្រីឆ្លើយតបបន្ទាន់របស់យើងនៅតាមព្រំដែន បានប្រុងត្រៀមជាស្រេចផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ