លោកស្រី ឱ វណ្ណឌីន បញ្ជាក់ពីស្ថានភាពបុរសជនជាតិនីហ្សេរីយ៉ា កំពុងព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកពាក់ព័ន្ធ៥នាក់ មិនទាន់រកឃើញវិជ្ជមានអុតស្វា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ យោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន ស្តីពីអ្នកជំងឺអុតស្វា ដែលជាបុរសជនជាតិនីហ្សេរីយ៉ា ដោយមានសំនួរពីបងប្អូនអ្នកសារព័ត៌មានជាច្រើននៅព្រឹកនេះ ពាក់ព័ន្ធនឹងករណីអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយលោកជំទាវ ឱ វណ្ណឌីន សូមជម្រាបជូនថា៖

“មកដល់បច្ចុប្បន្ននេះ វេលាម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាព សុខភាពរបស់គាត់ពុំមានអ្វីប្រែប្រួលទេ ហើយក៏មិនមានសញ្ញាណាបង្ហាញពីសភាពធ្ងន់ធ្ងរនោះដែរ និយាយពាក្យសាមញ្ញថាគាត់ស្ថានភាពធម្មតា ហើយគាត់កំពុងស្ថិតនៅក្រោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក ជំទាវ ឱ វណ្ណឌីន បានបន្តទៀតថា ដោយឡែកសម្រាប់អ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ា ដែលម្សិលមិញនេះ យើងបានរកឃើញចំនួន ៥នាក់នោះ ពួកគាត់ក៏កំពុងស្នាក់នៅដាច់ដោយឡែកនៅតាមផ្ទះសំបែងរបស់គាត់ និងធ្វើការតាមដានសុខាភាព យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់ក៏ពុំទាន់មានចេញនូវរោគសញ្ញាណាមួយ ដែលបង្ហាញពីការប្រែប្រួលអំពីសុខភាពរបស់គាត់នោះនៅឡើយទេ។ ហើយម្យ៉ាងវិញទៀតតាមនិតិវិធីរបស់យើង គឺនៅពេលបុគ្គលមិនទាន់រកឃើញ ឬបង្ហាញនូវរោគសញ្ញាអ្វីមួយ ដែលជាករណីសង្ស័យនោះ យើងក៏មិនតម្រូវឱ្យធ្វើតេស្តវិភាគ នៅមន្ទីរពិសោធន៍ទេ អ្វីដែលសំខាន់គឺពួកគាត់ អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួន កុំឱ្យប៉ះពាល់ទៅដល់សមាជិកក្រុមគ្រួសាររបស់គាត់ជាបន្តបន្ទាប់ទៀត ហើយជាពិសេសគឺត្រូវនៅដាច់ដោយឡែក។ ”
លោក ជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា៖ “នៅពេលដែលអ្នកជំងឺជនជាតិនីហ្សេរីយ៉ានោះជាងសះស្បើយ នឹងជម្រាបជូនជាបន្តបន្ទាប់ទៀត ថាតើនិតីវិធីត្រូវធ្វើយ៉ាងម៉េចទៀត ពីព្រោះអាស្រ័យលើចំណាត់ការរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។ ជំងឺអុតស្វា មិនឆ្លងដូចជំងឺកូវីដ១៩នោះទេ ពោលទាល់តែបុគ្គលនោះបានប៉ះពាល់ផ្ទាល់ជាមួយសិរីរាង្គកាយអ្នកជំងឺ ឬប៉ះពាល់នៅមុខរបួសលើដងផ្លូវរបស់អ្នកជំងឺ ឬវត្ថុរាវរបស់អ្នកជំងឺ ឬប៉ះពាល់នូវរបស់ប្រើប្រាស់របស់អ្នកជំងឺអុតស្វា៕



