ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បកស្រាយបន្ថែមតាម Comment ជាមួយពលរដ្ឋ ជុំវិញការអោយដក ឧបករណ៍បង្កើនកម្លាំងសេវា (Booster/Repeater)
យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ ហើយក៏មានការដាក់ពិន័យផងដែរចំពោះប្រជាពលរដ្ឋដែលមិនព្រមដកឧបករណ៍នោះចេញ។ ក្រោយការប្រកាសរបស់ក្រសួងមិនបានប៉ុន្មានផង ក៏មានការជជែកវែកញែកប៉ុន្ថែមទៀតរបស់ប្រជាពលរដ្ឋ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបកស្រាយបន្ថែមថា៖

“សូមអរគុណសម្រាប់ការលើកយោបល់។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឃើញការផ្តល់យោបល់ (Comments) ជាច្រើនអំពីការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) ដែលមិនផ្អែកលើផ្នែកបច្ចេកទេស ប៉ុន្តែផ្អែកលើការយល់ឃើញរបស់បុគ្គលរៀងៗខ្លួន ដូចនេះក្រសួងសូមធ្វើការបំភ្លឺបន្ថែមដូចខាងក្រោម៖
ចំពោះការពង្រឹងគុណភាពសេវាទូរសព្ទចល័ត គឺមានការពាក់ព័ន្ធនឹងកត្តាជាច្រើន ប៉ុន្តែកត្តាសំខាន់មួយចម្បងគឺការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) ដែលធ្វើឱ្យមានការឆ្លងរំខាននៅទីតាំងដែលមានប្រើប្រាស់ឧបករណ៍ទាំងនេះតែម្តង។
ឧទាហរណ៍ កាលពី ៣ ឆ្នាំមុន បើសិនតំបន់មួយមានទំហំ ២ គីឡូម៉ែត្របួនជ្រុង មានសេវាមិនគ្រប់គ្រាន មានន័យថា អាចប្រើបានតែមិនទាន់ចិត្ត ហើយបើដាក់ Booster តែ ១ ឬ ច្រើនប៉ុន្តែនៅដាច់ឆ្ងាយពីគ្នា (អាចថា ៥០០ ម៉ែត្រយ៉ាងតិច) គឺមិនមានបញ្ហានោះទេ។ នៅពេលមានការបំពាក់ឧបករណ៏តៗគគ្នា រហូតដល់ បច្ចុប្បន្នផ្ទះជាច្រើនក្នុងតំបន់នេះបានដំឡើងឧបករណ៏សឹងគ្រប់ផ្ទះ ដែលធ្វើឱ្យសេវានៅតំបន់នោះកាន់តែមានភាពរអាក់រអួលបំផុត ដោយសារការឆ្លងរំខានទៅលើប្រព័ន្ធទូរសព្ទចល័ត។
ក្រសួងបានប្រកាសដើម្បីស្នើឱ្យប្រជាពលរដ្ឋដកចេញ ព្រោះក្រសួងនឹងធ្វើតេស្តគុណភាពសេវាទូរសព្ទចល័តក្នុងរាជធានីភ្នំពេញ។ ដូច្នេះ បើមិនដក Booster ចេញទេ លទ្ធផលនៃការធ្វើតេស្តយកជាការមិនបាន។ បន្ទាប់មក ក្រសួងនឹងចុះទៅធ្វើតេស្តតាមភូមិសាស្ត្រនីមួយៗតាមខណ្ឌ ឬសង្កាត់ ដើម្បីបន្តត្រួតពិនិត្យឱ្យបានកាន់តែច្បាស់លាស់។ ផ្អែកលើលទ្ធផលតេស្តនេះ ក្រសួងនឹងចាត់វិធានការឱ្យក្រុមហ៊ុនវិនិយោគបន្ថែម ឬធ្វើការកែតម្រូវផ្នែកបច្ចេកទេស។
ចំពោះការលើកឡើងក្នុងសេចក្ដីជូនដំណឹងអំពីវិធានការច្បាប់ ស្ដីពីទូរគមនាគមន៍ ដែលបានប្រកាសឱ្យប្រើប្រាស់ នៅឆ្នាំ២០១៥ គឺចង់គូសបញ្ជាក់អំពីវិធានការច្បាប់ ជាធរមានរបស់រដ្ឋ ក្នុងការការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋជាទូទៅ ហើយវិធានការនេះ នឹងអនុវត្តតែចំពោះបុគ្គល ដែលបង្កការឆ្លងរំខានទាំងមានលក្ខណៈទ្រង់ទ្រាយធំ ឬក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធទូរគមនាគមន៍។ ដោយឡែកនៅក្នុងសេចក្ដីជូនដំណឹង ក៏បានបញ្ជាក់អំពីការស្នើសុំ រុះរើឧបករណ៍នេះ នៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ដោយខ្លួនឯងតែប៉ុណ្ណោះ។
ដូច្នេះសរុបមកវិញ ប្រជាជនចង់បានពងមាន់មកហូប ប៉ុន្តែបានសម្លាប់មេមាន់ទៅហើយ។ បើពុំមានមេមាន់ តើមានពងមកពីណា។ ដូចគ្នានេះដែរ បើអត់មានការធ្វើតេស្តដើម្បីទទួលលទ្ធផលទេ តើក្រសួងអាចធ្វើការពង្រឹងគុណភាពសេវាទូរសព្ទបានយ៉ាងដូចម្តេច? ហើយកន្លងមក ប្រតិបត្តិករទូរសព្ទចល័តតែងតែលើកយកហេតុផលថាគុណភាពសេវារបស់ខ្លួនខ្សោយដោយសារតែការដំឡើងនិងការប្រើប្រាស់ឧបករណ៍ Booster/Repeater នេះ បានបង្កឱ្យមានការឆ្លងរំខាន។ នៅពេលដែលប្រជាជនដោះឧបករណ៍ទាំងអស់នេះ គឺប្រតិបត្តិករមិនអាចដាក់បន្ទុកទៅលើឧបករណ៍នេះបានទៀតទេ ហើយត្រូវតែធ្វើការពង្រឹងនិងកែតម្រូវគុណភាពសេវារបស់ខ្លួនឱ្យបានល្អ។ យើងមិនត្រូវគិតអំពីការរំខានចំពោះមុខទេ តែត្រូវមើលឱ្យបានវែងឆ្ងាយនិងដំណោះស្រាយយូរអង្វែង។
សូមអរគុណ!”

