ស្នងការនគរបាលរាជធានី បញ្ជាក់ថា ម្ចាស់វីដេអូផុសឃ្លីប សម្តែងមិនសមរម្យ ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ បានទាក់ទងរួចហើយ នឹងធ្វើវីដេអូសុំទោសជាសាធារណៈ
រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុ៊កមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសបុ៊ក។

ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌ ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលើករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃើញថាទាំងម្ចាស់គណនីហ្វេសបុ៊ក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា៖ ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ហើយផុសក្នុងគណនីផេកហ្វេសបុ៊ករបស់ខ្លួនផងដែរ ៕

