ក្រសួងសុខាភិបាល ចេញសារអប់រំសុខភាព ស្ដីពីផលប៉ះពាល់បារីអេឡិចត្រូនិកលើសុខភាព
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានចេញសារអប់រំសុខភាព ស្តីពីផលប៉ះពាល់បារីអេឡិចត្រូនិកលើសុខភាព។

តើអ្វីទៅជាបារីអេឡិចត្រូនិក? ជាឧបករណ៍ដែលបង្កើតឱ្យមានជាចំហាយ ឬផ្សែង ដោយកំដៅវត្ថុរាវដែលជាធម្មតា គឺជាសារធាតុ នីកូទីន ហើយវាមាននៅក្នុងបារី និងផលិតផលថ្នាំជក់ផ្សេងទៀត។ ជាទូទៅ បារីអេឡិចត្រូនិកមានទម្រង់ និងទំហំផ្សេងៗគ្នាដែលមានផ្នែកផ្ទុកអគ្គិសនី ផ្នែកដុតកំដៅ និងផ្នែកវត្ថុរាវ។ បារីអេឡិចត្រូនិកខ្លះមានរូបរាង ដូចបារីធម្មតា ឧបករណ៍អង្គចងចាំ (USB Sticks) ឬខៀវ។ បារីអេឡិចត្រូនិក មានឈ្មោះហៅជាច្រើន ដូចជា៖ E-cigs, E-hooknhs, Mods, Vape Pens, Vapes, Tank System and ENDS ( Electronic Nicotine Delivery System)។ វត្ថុរាវដែលមាននៅក្នុង បារីអេឡិចត្រូនិក អាចជាសារធាតុ ផ្សេងទៀត ដែលមិនមានជានីកូទីនផងដែរ។
បារីអេឡិចត្រូនិក អាចបណ្ដាលឱ្យមានផលប៉ះពាល់សុខភាពរួមមាន៖
-សារធាតុនីកូទីនបណ្ដាលឱ្យមានភាពញៀនខ្លាំង។
-សារធាតុនីកូទីន បណ្ដាលឱ្យមានភាពពុលដល់ទារកក្នុងផ្ទៃ។
-សារធាតុនីកូទីន បណ្ដាលឱ្យមានហានិភ័យដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងក្មេងជំទង់។
-សារធាតុនីកូទីន បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ។
-ក្រៅពីសារធាតុនីកូទីន បារីអេឡិចត្រូនិក មានសារធាតុគីមីផ្សេងទៀតដែលអាច បណ្ដាលឱ្យមានជំងឺមហារីក។
-ចំពោះអ្នកដែលនៅជុំវិញ អ្នកដែលកំពុងជក់បារីអេឡិចត្រូនិក ក៏មានការទទួលរងផលប៉ះពាល់សុខភាពផងដែរ ៕



