ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អត្តពលិកពិការកម្ពុជាដណ្តើមបានមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូណេស៊ី

    BY Khmernote Media August 1, 2022
    អត្តពលិកពិការកម្ពុជាដណ្តើមបានមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូណេស៊ី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គិតមកដល់ត្រឹមព្រឹកថ្ងៃ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី០១ ខែសីហា ឆ្នាំ២០២២នេះ ក្រុមអត្តពលិកពិការកម្ពុជា ដណ្តើមបានមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

    ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកពិការកម្ពុជា បានបញ្ជាក់ពីប្រទេសឥណ្ឌូណេស៊ីមកថា ពេលនេះអត្តពលិកពិការកម្ពុជាដណ្តើមបានមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

    ឯកឧត្តមបានមានប្រសាសន៍ថា ជ័យជម្នះនេះបានបង្កនូវភាពសប្បាយរីករាយ សម្រាប់គណៈប្រតិភូ និងអត្តពលិក ពិការកម្ពុជា បន្ទាប់ពីឈ្នះមេដាយមាស១គ្រឿងជាលើកដំបូង ដោយក្រុមកីឡាការិនីបាល់បោះជិះរទេះ ក្រោយយកឈ្នះក្រុមកីឡាការិនីបាល់បោះថៃ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៧-៥ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លើវិញ្ញាសានារី៣ទល់៣នាក់ ខណៈកីឡាវាយកូណឃ្លីលើតុ ឈ្នះមេដាយសំរឹទ្ធិ លើវិញ្ញាសាវាយគូ។ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ កីឡាការិនីពិការអត្តពលកម្ម វ៉ិច ចន្ថា (ប្រភេទពិការ T44) ដណ្តើមបានមេដាយមាស១គ្រឿងបន្ថែម លើវិញ្ញាសារលោតចម្ងាយ ក្រោយពីធ្វើបានយ៉ាងល្អ ដោយលោតបាន ៤,២៩ម៉ែត្រ។

    ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមថា ក្រៅពីការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២នេះ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម វ៉ាត់ ចំរើន ក៏កំពុងចុះសិក្សាឈ្វេងយល់គ្រប់ទីកន្លែងប្រកួត ដើម្បីយកបទពិសោធន៍ទៅវិញកែច្នៃបន្ថែមឱ្យកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងសហគមន៍អាស៊ាន ត្រៀមរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជាឱ្យទទួលបានជោគជ័យ។

    គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី,បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល (៧ម្ខាង), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក, និងប៊ូស្យា ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: