ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម សុខ លូ ថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋក្រុងបាត់ដំបង ដែលមានស្មារតីចូលរួមរុះរើស្លាកផ្សព្វផ្សាយផ្សេងៗ និងសំយាបផ្ទះ ក្នុងតំបន់អភិរក្ស

    BY Khmernote Media August 1, 2022
    ឯកឧត្តម សុខ លូ ថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋក្រុងបាត់ដំបង ដែលមានស្មារតីចូលរួមរុះរើស្លាកផ្សព្វផ្សាយផ្សេងៗ និងសំយាបផ្ទះ ក្នុងតំបន់អភិរក្ស

    ខេត្ត​បាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានផ្ញើសារតាមរយៈបណ្តាញសង្គម ពីប្រទេសសិង្ហបុរី ថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង។

    ដោយឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមចំណែកក្នុងការរុះរើស្លាកផ្សព្វផ្សាយផ្សេងៗ និងសំយាបផ្ទះ ក្នុងតំបន់អភិរក្ស និងត្រៀមទទួលយកប្លង់រួមមួយតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីអោយទីក្រុងយើងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត ហើយដើម្បីប្រកួតប្រជែងទីក្រុងស្អាតអាស៊ានផងដែរ។ •••សង្ឃឹមថាក្រុងបាត់ដំបងនឹងកាន់ស្រស់ស្អាតហើយមានសណ្តាប់ធ្នាប់ល្អ••• ខ្ញុំ❤️បាត់ដំបង។

    គួរបញ្ជាក់ផងដែរថា អភិបាលក្រុងបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ រដ្ឋបាលក្រុង កំណត់ឲ្យម្ចាស់លំនៅឋាន អាជីកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ, ផ្លូវលេខ២, ផ្លូវលេខ២កន្លះ, ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតក្នុងតំបន់អភិរក្ស(ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរីស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ )នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ និងកែសម្រួលតាមគំរូនិង គោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ជាកំហិត។

    រដ្ឋបាលក្រុងបាត់ដំបងក៏បានព្រមានផងដែរ ចំពោះម្ចាស់លំនៅឋាន អាជីវកម្មដ្ឋានណា មិនអនុវត្តតាមសេចក្តីជូនដំណឹង ខាងលើនេះ រដ្ឋបាលក្រុង នឹងធ្វើការរុះរើយកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ ៕

    ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    Share This Post: