ខ្មែរណូត

ស្វែងរក

  • PR

    ខេត្តបាត់ដំបង – គោលដៅចុងក្រោយនៃសិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង

    BY Khmernote Media December 9, 2018
    ខេត្តបាត់ដំបង – គោលដៅចុងក្រោយនៃសិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង

    ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានបញ្ចប់សិក្ខាសាលាតាមបណ្ដាខេត្តចំនួនប្រាំ ប្រចាំឆ្នាំ2018 របស់ពួកគេប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2018 នៅខេត្តបាត់ដំបង ដែលជាគោលដៅចុងក្រោយនៃសិក្ខាសាលានេះ។ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ គឺជាគោលដៅទីមួយ ទីពីរ ទីបី និងទីបួន។
    អញ្ជើញចូលរួមជាគណៈធិបតីក្នុងសិក្ខាសាលានៅគោលដៅចុងក្រោយនេះ ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ និងបានអរគុណដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្ដាលតែមួយគត់ ដែលបានចូលរួមក្នុងគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជានៅក្នុងឆ្នាំ2018នេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការជម្រុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់បំផុតមួយ។ ឯកឧត្តម ក៏បានលើកទឹកចិត្តក្រុមហ៊ុនដែលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទទាំងអស់ ឱ្យបន្តលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនលើវិស័យឧបករណ៍និស្សន្ទ និងបន្តអនុវត្តគោលការណ៍ការពារវិនិយោគិន។

    បន្ទាប់ពីសុន្ទរកថារបស់ឯកឧត្តម សុខ ដារ៉ា លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅនៃការជួញដូរឧបករណ៍និស្សន្ទ ស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា បញ្ហាប្រឈមចំពោះការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ និងបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពន្លឿនការរីកលូតលាស់នៃការវិនិយោគលើឧបករណ៍និស្សន្ទ។

    ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង មានមោទកភាពចំពោះវត្តមានរបស់ខ្លួននៅគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ2018 ពីព្រោះវត្តមាននេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងភាពស្វិតស្វាញដ៏ពិតប្រាកដរបស់ក្រុមហ៊ុន ក្នុងការផ្ដល់ចំណេះដឹងដល់សាធារណៈជន ការបង្ហាញឱកាសវិនិយោគដល់វិនិយោគិនសក្ដានុពលនៅគ្រប់ទីកន្លែងទាំងអស់នៃប្រទេសកម្ពុជា ការលើកកម្ពស់បទដ្ឋាននៃការជួញដូរ ការគាំទ្របេសកកម្ម និងទស្សនៈវិស័យរបស់គណៈកម្មការមូលបត្រកម្ពុជា និងការរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

    ក្នុងនាមជាវាគ្មិនកិត្តិយស លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលាតាមបណ្ដាខេត្តចំនួនប្រាំក្នុងឆ្នាំនេះ ដោយលើកឡើងថា វានឹងជួយបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿងនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានាពេលអនាគត។
    លោក Lawrence បាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់ក្នុងការចូលរួម និងចែករំលែកបទពិសោធន៍របស់ខ្ញុំនៅគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ2018 ហើយខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មការមូលបត្រកម្ពុជា ដែលបានធ្វើឱ្យសិក្ខាសាលានេះកើតមានឡើង។ ដោយផ្អែកទៅលើការអង្កេត និងបទពិសោធន៍ជាង 20ឆ្នាំរបស់ខ្ញុំ ខ្ញុំបានដឹងថា វិនិយោគិនកម្ពុជា កំពុងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើការស្វែងយល់ពីការវិនិយោគលើឧបករណ៍និស្សន្ទ។ ខ្ញុំគិតថា សិក្ខាសាលាតាមបណ្ដាខេត្តនេះ គឺជាវេទិកាដ៏ល្អមួយ សម្រាប់ពួកគេក្នុងការស្វែងយល់ពីការវិនិយោគនេះបន្ថែមទៀត។”

    អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង រូបនេះ បានបន្ថែមថា៖ “តាំងពីដំបូងមក ខ្ញុំតែងតែនិយាយថា ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា មានសក្ដានុពលគួរឱ្យកត់សម្គាល់ ហើយខ្ញុំពិតជារំភើប ដែលពួកយើងបានជម្រុញឱ្យក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទពីប្រទេសផ្សេងៗទទួលបានអាជ្ញាបណ្ណនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ។ ការងាររបស់ពួកយើង គឺមិនទាន់ចប់នៅឡើយទេ ហើយដំណើរការនៃការអភិវឌ្ឍ អាចនឹងកាន់តែឆាប់រហ័ស ដរាបណាយើងបន្តជម្រុញស្ថាប័នដែលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទផ្សេងទៀតឱ្យទទួលបានអាជ្ញាបណ្ណដែរ។”

    “ទោះបីជាពួកយើងត្រូវបានចាត់ទុកជាអ្នកនាំមុខក្នុងវិស័យថ្មីមួយនេះ ពួកយើងនឹងបន្តកិច្ចប្រឹងប្រែងក្នុងការផ្សព្វផ្សាយទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានៅលើឆាកអន្តរជាតិ ដោយមិនត្រឹមតែក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ។ ពួកយើង ចង់បង្កើតប្រវត្តិសាស្រ្តក្នុងវិស័យមួយនេះ” លោក Lawrence បានបន្ថែម ដោយសំដៅលើការចូលរួមរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេងក្នុងពិព័រណ៍ iFX Expo នៅប្រទេសសាយប្រឺសកាលពីដើមឆ្នាំនេះ និងពិព័រណ៍ London Summit នៅប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay