បច្ចេកវិទ្យា

ចិនបិទមិនឱ្យប្រើប្រាស់ iPhone ទៀតឡើយ ដោយចោទក្រុមហ៊ុន Apple ថារំលោភបំពានច្បាប់ប៉ាតង់ពីក្រុមហ៊ុន Qualcomm

BY
autoadmin
December 11, 2018

ជម្លោះរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីរគឺ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm បានកើតមានរយៈពេលជាច្រើនឆ្នាំមកហើយ ដោយក្រុមហ៊ុន Qualcomm បានអះអាងថាក្រុមហ៊ុន Apple កំពុងតែរំលោភលើច្បាប់ប៉ាតង់ចំនួនពីររបស់ខ្លួន ក្នុងបច្ចេកវិទ្យា ដែលត្រូវបានប្រើប្រាស់នៅក្នុង iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X ។ ម៉ូដែលទាំងនេះបានធ្វើឱ្យក្រុមហ៊ុន Apple កាន់កាប់ចំណែកទីផ្សារជិត ២៥% នៅចុងឆ្នាំមុន តែពេលនេះម៉ូដែលទាំងនេះគឺហាមមិនឱ្យមានលក់តទៀតនៅក្នុងប្រទេសចិនឡើយ។

លោក Don Rosenberg អគ្គនាយកក្រុមហ៊ុន Qualcomm បាននិយាយថា៖ «ក្រុមហ៊ុន Apple នៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកម្មសិទ្ធិបញ្ញារបស់ Qualcomm ខណៈពេលដែលបដិសេធមិនផ្តល់សំណងដល់ Qualcomm »។ ជម្លោះនេះបានប្រែក្លាយជាការវាយប្រហារគ្នាបន្ទាប់បន្សំ ខណៈដែលសង្គ្រាមពាណិជ្ជកម្មកំពុងនៅតែបន្តរវាងចិន និងអាមេរិក។ យ៉ាងណាមិញស្ថានភាពនេះគឺជារឿងមួយគួរឱ្យអស់សំណើចដែលលោក Donald Trump បែរជាប្រើពាក្យបណ្តឹងថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនបានលួចកម្មសិទ្ធិបញ្ញា ដើម្បីបង្ហាញពីគោលនយោបាយសេដ្ឋកិច្ចឈ្លានពានទៅលើអាមេរិកទៅវិញ។

បើទោះបីជាលោក Donald Trump និងលោក Xi JinPing បានឈានដល់បទឈប់បាញ់រយៈពេល ៩០ថ្ងៃនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលមានតម្លៃរាប់ពាន់លានដុល្លារដែលបានផ្ទុះឡើងរវាងប្រទេសទាំងពីរចាប់តាំងពីដើមឆ្នាំមកក៏ដោយ ការចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou បានបង្ហាញទៅកាន់ទីក្រុងប៉េកាំងថា ប្រទេសអាមេរិកគឺ មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីផ្អាកការប៉ះទង្គិចនេះទេ។ ក្នុងពេលនេះផងដែរក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅក្នុងប្រទេសចិន គឺកំពុងផ្តល់ការលើកទឹកចិត្តដល់និយោជិកឱ្យប្រើផលិតផលរបស់ក្រុមហ៊ុន Huawei និងហាមប្រាមមិនឱ្យប្រើប្រាស់ផលិតផល Apple ទៀតទេ៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: