កម្មវិធីទូរស័ព្ទសម្រាប់រាយការណ៍ទីតាំងមានផ្លូវខូចរបស់ក្រសួង នឹងដាក់ឲ្យប្រើស្អែកនេះហើយ
- December 12, 2018
កាលពីថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ នៅទីស្ដីការក្រសួង ឯកឧត្ដម យិត បុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំការបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញ ព្រមទាំងមន្ត្រីជំនាញថា្នក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
ការបណ្ដុះបណ្ដាលនេះមានគោលបំណង ផ្ដល់ចំណេះដឹងផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ជាទម្រង់អ្នកប្រើប្រាស់ផ្លូវ (Road User) ទម្រង់ក្រុមការងារថែទាំផ្លូវថ្នល់ (Maintenance Team) និងជាទម្រង់ការិយាល័យថែទាំផ្លូវថ្នល់ (Maintenance Office) ដើម្បីឱ្យពួកគេមានចំណេះដឹងបច្ចេកទេសកាន់តែប្រសើរឡើងក្នុងការប្រើប្រាស់កម្មវិធីនេះឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្ដមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ដើម្បីឱ្យកម្មវិធីនេះទទួលបានលទ្ធផលជាផ្លែផ្កាខ្ពស់ រាល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ និងយល់ដឹងពីលំហូរការងារ ដោយប្រើប្រាស់កម្មវិធី (ROAD CARE app) នេះ។
សូមបញ្ជាក់ថា៖ កម្មវិធីនេះ នឹងត្រូវបានគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ចំណែកឯកម្មវិធី ROAD CARE app នឹងអាចទាញយកមកប្រើប្រាស់បានតាម Play Store និង App Store ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ តទៅ។
ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិក្ខាកាមទាំងអស់ដែលបានមកចូលរួមក្នុងការបណ្ដុះបណ្ដាលនេះ និងស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធទាំងអស់សហការយ៉ាងស្អិតរមួតជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងចូលរួមអនុវត្តកម្មវិធីនេះឱ្យទទួលបានប្រសិទ្ធផលខ្ពស់៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- Share This Post:







