នាយកដ្ឋានវេជ្ជសាស្ត្រនៃប្រទេសថៃ ព្រមានឲ្យប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលនៃ «ជំងឺដៃ ជើង និងមាត់» ដែលតែងតែកើតមានចំពោះកុមារតូចៗ ព្រមទាំងរំលឹកដល់ មាតាបិតាគួរត្រួតពិនិត្យយ៉ាងដិតដល់ និងតាមដានរោគសញ្ញារបស់កូនៗផងដែរ
- BY
- Oun Mey
- August 23, 2022
យោងតាមសារព័ត៌មានថៃ ដែលបានចុះកាលពីថ្ងៃទី ២២ ខែសីហា បានអោយដឹងថា លោកវេជ្ជបណ្ឌិត Somsak Ankasil អគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រនៃប្រទេសថៃ បានលើកឡើងថា «ជំងឺដៃ ជើង និងមាត់ តែងតែកើតមានចំពោះទារក និងកុមារតូចៗដែលមានអាយុក្រោម ៥ ឆ្នាំ ហើយកើតមានជាញឹកញាប់ចំពោះកុមារ ជាពិសេសកុមារដែលរស់នៅជាមួយគ្នា» ដូចជា នៅសាលារៀនមត្តេយ្យ មជ្ឈមណ្ឌលថែទាំកុមារ ហើយជំងឺនេះអាចកើតឡើងពេញមួយឆ្នាំតែម្តង ដែលត្រូវបានគេរកឃើញថាវាតែងកើនឡើងនៅរដូវវស្សា ដែលបណ្តាលមកពីមេរោគនៅក្នុងពោះវៀន ដោយមេរោគនឹងចូលក្នុងមាត់តាមរយៈការប៉ះនឹងទឹកមាត់ ទឹករំអិល ពងបែក និងរបួសរបស់អ្នកជំងឺ។ លើសពីនេះទៅទៀត វាក៏អាចបណ្តាលមកពីការក្អក និងកណ្តាស់ដាក់គ្នាទៅវិញទៅមក ដូចនេះហើយ ស្ថាប័នអប់រំគួរតែមានវិធានការក្នុងការពិនិត្យ និងសង្កេតមើលរោគសញ្ញារបស់កុមារមុនពេលចូលរៀនជារៀងរាល់ព្រឹក ដើម្បីតាមដានជំងឺដៃ ជើង និងមាត់នេះ។
គួរបញ្ជាក់អោយដឹងផងដែរថា រោគសញ្ញានៃជម្ងឺដៃ ជើង និងមាត់ តែងមានអាការៈដូចជា៖ ចាប់ផ្តើមដោយគ្រុនក្តៅ ដែលអាចជាគ្រុនក្តៅដែលមានសីតុណ្ហាភាពទាប ឬខ្ពស់ អស់កម្លាំង ឬឈឺមាត់ មិនអាចលេបទឹកមាត់បានទេ ដោយសារតែមានពងបែកក្រហមនៅលើអណ្តាត អញ្ចាញធ្មេញ និងមាត់។ ចំណែកពងបែកអាចលេចឡើងនៅលើបាតដៃ ម្រាមដៃ បាតជើង ហើយក៏អាចត្រូវបានរកឃើញនៅលើគូទផងដែរ បន្ថែមពីនេះទៀត អាចមានកន្ទួលជាធម្មតាមិនរមាស់ទេ ហើយជាសះស្បើយក្នុងរយៈពេល ៧-១០ ថ្ងៃ។

- Share This Post:


