ការប្រគុំតន្ត្រីតាមអនឡាញរបស់តារាហុងកុង លី តៅហ៊ួ មានចំនួនចូលទស្សនារហូតដល់ជាង៣០០លានដង
- BY
- Naren
- September 5, 2022
(ប៉េកាំង)៖ យោងតាមការចុះផ្សាយរបស់ HK01 បានរាយការណ៍ថានៅល្ងាចថ្ងៃទី០៣ ខែកញ្ញា តារាសម្តែង និងតារាចម្រៀងជើងចាស់លោក Andy Lau ដែលប្រិយមិត្តកម្ពុជាស្គាល់ថា លី តៅហ៊ួ វ័យ៦២ឆ្នាំ បានរៀបចំការប្រគុំតន្ត្រីនៅលើ Douyin ដែលទាក់ទាញមានចំនួនចូលទស្សនាជាង៣៥៩លានដងដោយបានបង្កើតកំណត់ត្រានៅក្នុងពិភពកម្សាន្តរបស់ចិន។

ការប្រគុំតន្ត្រីរយៈពេលពីរម៉ោងត្រូវបានផ្សាយបន្តផ្ទាល់កាលពីល្ងាចថ្ងៃសៅរ៍ ការចាប់ផ្តើមដំបូងទាក់ទាញចូលទស្សនាប្រហែល១០០លានដងក្នុងរយៈពេលកន្លះម៉ោងហើយបន្ទាប់មកទាក់ទាញរាប់រយលានបន្ថែមទៀតមុនពេលបញ្ចប់ ហើយទីបំផុតចំនួនអ្នកទស្សនាបានដល់៣៥០លានដង។ Andy Lau កើតនៅឆ្នាំ១៩៦១ នៅពេលដែលគាត់មានអាយុ ២០ឆ្នាំគាត់បានចូលប្រឡូកក្នុងវិស័យកំសាន្ត ហើយបានចុះកុងត្រាជាមួយ TVB ។ នៅឆ្នាំ១៩៨៥ Andy Lau បានចេញអាល់ប៊ុមដំបូងរបស់គាត់ក្នុងអាជីពច្រៀងរបស់គាត់ដែលមានចំណងជើងថា Just Know Now I Love You ។ យោងតាម QQ នៅខែកក្កដា ឆ្នាំ២០២១ លោក Andy Lau បានសន្ទនាជាមួយអ្នកគាំទ្រក្នុងឱកាសគម្រប់ខួប ៤០ឆ្នាំនៃការចាប់ផ្តើមអាជីព ហើយពេលនោះមនុស្សជាង ៨០លាននាក់បានមើលការផ្សាយផ្ទាល់៕


ប្រភព៖ scmp
- Share This Post:






