ព័ត៌មានជាតិ

អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនដើម្បីបំពេញពិន្ទុឡើងវិញ

BY
srey nuch
September 5, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនដើម្បីបំពេញពិន្ទុឡើងវិញ ខណៈដែលក្រសួងបានចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីកាត់ពិន្ទុពីលើបណ្ណបើកបររបស់អ្នកបើកបរល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅលើបណ្ណបើកបរត្រូវបានកំណត់ពិន្ទុសរុបចំនួន១២ ហើយពិន្ទុនឹងកាត់ពី ១ពិន្ទុ ទៅដល់ ៦ពិន្ទុ ទៅតាមប្រភេទបទល្មើសដែលអ្នកបើកបរបានប្រព្រឹត្តជាក់ស្តែង។ លោកបន្តថា ក្នុង ករណីមានគ្រោះថ្នាក់ណាមួយ សមត្ថកិច្ចជំនាញនឹងពិនិត្យ មើលជាក់ស្តែង ឧទាហរណ៍ បើមិនពាក់ខ្សែក្រវាត់ បើកបរលើសល្បឿនឬស្រវឹង នោះការកាត់ពិន្ទុនឹងត្រូវបូកបញ្ចូលគ្នា ប៉ុន្តែមិនឱ្យលើសពី៨ពិន្ទុនោះទេ។

ឯកឧត្តមបន្ត អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនបំប៉នផ្នែកទ្រឹស្តី រយៈពេល២ថ្ងៃ នៅក្រសួង ដើម្បីបំពេញពិន្ទុវិញបាន ខណៈដែលការទៅរៀនបំប៉នម្តងអាចបាន៤ពិន្ទុតែប៉ុណ្ណោះ ឮ។ បន្ថែមពីនោះទៀត ក្នុងរយៈពេល៦ខែ ទើបអាចទៅរៀនម្តងទៀតបាន។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ក្នុងករណីបណ្ណបើកបរនៅសល់១ឬ ២ ពិន្ទុក្តី បើមិនមានល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុឱ្យអស់ពិន្ទុនោះទេ នោះពិន្ទុនឹងត្រូវឡើងពេញមកវិញផងដែរ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅពេលកាត់អស់ពិន្ទុ នោះ អ្នកបើកបរនឹងត្រូវដក ហូតសិទ្ធិបើកបរ ហើយត្រូវរង់ចាំរយៈពេល ៦ខែក្រោយ ទើបអាចប្រលងយកបណ្ណបើកបរឡើងវិញ ដើម្បីធានាបានសុវត្ថិភាព ក្នុងពេលបើកបរ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ។

សំឡេង « បើបងប្អូនយើងអស់២ពិន្ទុ ៣ពិន្ទុ ៥ពិន្ទុអាចទៅរៀនបាន រៀននៅក្រសួង សាធារណការ យើងមានរៀប ចំកន្លែងបណ្តុះបណ្តាល ដើម្បីបំពេញពិន្ទុឡើងវិញ»។ លោកស្រី សុង សោភា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសំដែងនូវការគាំទ្រចំពោះ កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរនេះ ដោយរំពឹងថា នឹងអាចជួយកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ខណៈដែលគ្រោះ ថ្នាក់ចរាចរណ៍មួយចំនួនបង្កឡើងដោយការល្មើស ច្បាប់ ឬមិនគោរពច្បាប់ចរាចរណ៍ ផ្លូវគោក។

« ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ នៅពេលមានកម្មវិធីកាត់ពិន្ទុនេះ។ ដោយសារសព្វថ្ងៃឃើញអ្នកបើកបរមួយចំនួនគាត់មិនគោរពច្បាប់នោះទេ ដោយសារតែពួកគាត់អាងតែបង់លុយទៅរួចខ្លួន ហើយវាបានបង្កគ្រោះថ្នាក់ដល់អ្នកដែលគ្នាមិនដឹងអី »។

សូមបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរនិងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស ចំពោះអំពើល្មើស ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមអនុវត្តសាកល្បង កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ ហើយនឹងដំណើរ ការអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ។ នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរនឹងត្រូវធ្វើឡើង តាម រយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូន ដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយកម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់ បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: