បច្ចេកវិទ្យា

មកហើយៗ! ក្រុមហ៊ុន Apple បង្ហាញមុខទូរសព្ទ iPhone 14 Pro និង iPhone 14 Pro Max ជាផ្លូវការ

BY
autoadmin
September 8, 2022

Apple ទើបតែបានបង្ហាញ iPhone 14 Pro និង iPhone 14 Pro Max ជាផ្លូវការ ដែលជាការអាប់ដេតដ៏ធំមួយ បើប្រៀបទៅនឹង iPhone 13 Pro កាលពីឆ្នាំមុន ជាមួយនឹងមុខងារ Always-On Display (AOD), មុខងាររចនា Pill-Shaped cutout, បន្ទះឈីប A16 Bionic លឿនជាងមុន និងកាមេរ៉ាទំហំ 48-megapixel។ ទូរសព្ទ iPhone 14 Pro និង 14 Pro Max មើលទៅស្រដៀងទៅនឹង 13 Pro និង 13 Pro Max កាលពីឆ្នាំមុនដែរ ពោលគឺខុសត្រង់អេក្រង់បន្ដិចប៉ុណ្ណោះ ហើយគ្មានក្បាលឆក (notch) ទៀតនោះទេ បូករួមនឹងការការអាប់ដេតមើលទៅទំនើបជាងមុន។

មុខងារ Always-On Display (AOD) អនុញ្ញាឱ្យអ្នកអាចពិនិត្យមើលអាកាសធាតុ ព័ត៌មានប្រតិទិន និងច្រើនទៀត នៅលើផ្ទៃអេក្រង់ខាងមុខតែម្ដង ដោយមិនចាំបាច់ចុចបើកនោះទេ។ ជាមួយគ្នានេះដែរ វាគឺជាលើកដំបូងមិនធ្លាប់មានសម្រាប់អ្នកគាំទ្រ iPhone ទៅលើកាមេរ៉ាថ្មីរបស់វា ដែលមិនមែនត្រឹមតែជាប្រភេទ 12-megapixel ទៀតទេ គឺវាហក់ឡើងដល់ទៅ 48-megapixel គុណនឹង 2 ទៅនឹងជំនាន់មុន។ ការកែលម្អនេះជួយដល់ការថតរូបដែលមានពន្លឺតិច អមនឹង quad-pixel ដែលមាន Aperture កម្រិត f/1.78 និងប្រវែងប្រសព្វ 24mm។ ជាមួយនឹងទំហំកាមេរ៉ា 48-megapixel នេះ វា​ក៏​អនុញ្ញាត​ឱ្យ Apple ច្រឹប​ឧបករណ៍​ចាប់​សញ្ញា​តាម​វិធី​ផ្សេង​គ្នា​ ដើម្បី​ផ្ដល់​ការ​ពង្រីក​ពិត 2x នៅ​ប្រវែង​ប្រសព្វ 48mm ។

ទូរសព្ទនេះនឹងដើរដោយបន្ទះឈីប A16 Bionic ហើយបើទោះបីយើងមិនទាន់អាចសន្និដ្ឋានថាល្អកម្រិតណា ប៉ុន្តែ Apple និយាយថា ខ្លួនបានផ្តោតលើប្រសិទ្ធភាពថាមពល ការបង្ហាញ និងកាមេរ៉ា ជាមួយនឹងបន្ទះឈីបថ្មីមួយនេះ ខណៈបន្ទះឈីបថ្មីនេះ ក៏ជួយផ្តល់ថាមពលដល់ប្រព័ន្ធ Dynamic Island ថ្មីផងដែរ។ សរុបមក iPhone 14 Pro និង 14 Pro Max មានភាពរឹងមាំដូចជំនាន់មុន ជាមួយនឹងការកែលម្អគួរឱ្យចាប់អារម្មណ៍មួយចំនួន ជាពិសេសចំពោះកាមេរ៉ាថ្មី ដែលអ្នកគាំទ្រប្រាកដជាចង់សាករសជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: