សិល្បៈ

នៅចាំបេក្ខភាព The Voice Kids Cambodia រូបនេះដែរឬទេ? បាត់មុខយូរ ឥឡូវនេះប្រែរូបសម្រស់៣៦០ដឺក្រេ មើលសឹងមិនស្គាល់

BY
Naren
September 8, 2022

ម៉ា រ៉ាស្ទីណា ក្មួយស្រីរបស់តារាសម្តែង ឆៃលី ដាឡែន ដែលជាបេក្ខភាព The Voice Kids Cambodia ឆ្នាំ២០១៧ ក្រោយពីបានប្រកួតកម្មវិធីមួយនេះចប់ កញ្ញាក៏បាត់មុខពីវិស័យសិល្បៈតែម្តង ពោលគឺមិនចូលប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងនានាទៀតឡើយ។ ទោះជាយ៉ាងណាថ្មីៗនេះក៏មានការចែករំលែកជាថ្មីនូវវីដេអូដែល ម៉ា រ៉ាស្ទីណា បានច្រៀងបទ Saxophone បាត់ស្នេហ៍ ក្នុងការប្រកួត The Voice Kids Cambodia វគ្គ The Blind Audition ដោយរយៈពេលខ្លីសោះ មានអ្នកចូលមើលរហូតដល់ជាង១លានដង។ ហើយបើក្រឡេកមកមើលរូបសម្រស់វិញ ម៉ា រ៉ាស្ទីណា ក្នុងវ័យ២១ឆ្នាំនេះ គឺខុសប្លែកគ្នាកាលពី៥ឆ្នាំមុននៅពេលដែលប្អូនបានចូលប្រឡង The Voice Kids Cambodia 2017 ឥឡូវនេះប្រែរូបសម្រស់៣៦០ដឺក្រេ មើលសឹងមិនស្គាល់។

ថ្ងៃនេះ ម៉ា រ៉ាស្ទីណា បានផ្តល់បទសម្ភាសន៍ជាមួយនឹងក្រុមការងារខ្មែរណូត ថា សព្វថ្ងៃកញ្ញាមានវ័យ២១ឆ្នាំហើយ កំពុងសិក្សាឆ្នាំទី១ នៅសកលវិទ្យាល័យបៀលប្រាយ ផ្នែកច្បាប់។ ជាមួយនឹងមូលហេតុដែលធ្វើឱ្យ ម៉ា រ៉ាស្ទីណា មិនប្រឡូកក្នុងវិស័យចម្រៀង បន្ទាប់ពីប្រឡង The Voice Kids Cambodia 2017 ដោយសារតែកញ្ញារវល់ខ្លាំងជាមួយនឹងការសិក្សា និងប្រកបរបរលក់ដូរគ្រឿងសម្អាង ដែលជាមុខជំនួញផ្ទាល់ខ្លួន។ អ្វីដែលសំខាន់ទៀតនោះ ម៉ា រ៉ាស្ទីណា ក៏បន្ថែមថាដោយសារតែសម្លេងរបស់ខ្លួន មានបញ្ហា ពោលគឺបែកសម្លេង ច្រៀងមិនសូវបានល្អដូចពីមុន។ ចំពោះចម្លើយរបស់ ម៉ា រ៉ាស្ទីណា ថាតើនឹងចូលប្រកួតចម្រៀងណាមួយទៀតឬអត់នោះ ម៉ា រ៉ាស្ទីណា ក៏ឆ្លើយថា ពេលនេះខ្លួនចង់ផ្តោតលើការសិក្សា និងប្រកបរបរជំនួញផ្ទាល់ខ្លួនវិញ ខណៈដែលងាកមកជីវិតផ្ទាល់ខ្លួន ម៉ា រ៉ាស្ទីណា ក៏នឹងជិតភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ដែលមើលចិត្តថ្លើមគ្នាជាង៣ឆ្នាំមកហើយ៕

Share This Post: