សម្តេចតេជោ ហ៊ុន សែន ៖ «បើមិនដោះស្រាយបញ្ហាលំនៅឋាន និងសំណង់នៅតំបន់រមណីយដ្ឋានអង្គរទេ នៅពេលក្រោយ អង្គរវត្តនឹងត្រូវដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក»
(សៀមរាប)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថាដើម្បីឱ្យប្រាសាទអង្គរវត្តចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជា ត្រូវគោរពទទួលលក្ខខណ្ឌទាំងឡាយដែលយូនេស្កូតម្រូវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលពិធីនេះ ធ្វើឡើងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា បើមិនដោះស្រាយបញ្ហាលំនៅឋាន និងសំណង់ដែលនៅតំបន់រមណីយដ្ឋានអង្គរទេនោះនៅពេលក្រោយនេះ អង្គរវត្តនឹងត្រូវដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិរបស់វា មនុស្សទៅតាំងទីលំនៅខុសច្បាប់ ឬកន្លែងដែលពាក់នឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលយើងមិនអាចនឹងតម្រូវទៅតាមលក្ខខណ្ឌបច្ចេកទេស។ សម្តេចតេជោ បន្ថែមថាសូម្បីប្រាសាទព្រះវិហារ ត្រូវដោះយកភូមិមួយដែលមានជិត២០០០គ្រួសារ ចេញដែរ៕
