ឧទ្យានស្ថានទូតបារាំង ស្ថិតក្នុងចំណោមលំហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ នឹងបើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាដោយសេរី នៅចុងសប្តាហ៍នេះ
(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ បន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីឆ្នាំកន្លងទៅដោយសារស្ថានភាពកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយផ្លូវការរបស់ ស្ថានទូតបារាំង។ ស្ថិតក្រោមប្រធានបទ«បេតិកភណ្ឌប្រកបដោយចីរភាព» ទិវានេះនឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់អំពីអគារនានាដែលបង្កប់ដោយប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។ មានទំហំ៤,៧ហិចតា ឧទ្យានស្ថានទូតបារាំងស្ថិតក្នុងចំណោមលំហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវជីវៈចម្រុះដ៏មានតម្លៃ ដូចជាដើមឈើ២០០ដើមដែលស្ថិតក្នុង៥០ប្រភេទផ្សេងៗគ្នា និងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូតកំពុងចុះបញ្ជី។ ស្ថានទូតបានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃ ដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។

សាធារណជនអាចចូលទស្សនាដោយសេរីពីម៉ោង៨ព្រឹក ដល់ម៉ោង១៦ (ក្នុងល័ក្ខខ័ណ្ឌអាកាសធាតុអំណោយផល) ដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ (លើកលែងទឹកសុទ្ធ) និងកាបូបធំៗចូលនោះទេ។ ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ហើយអ្នកទស្សនាអាចជ្រើសរើសចូលក្នុងក្រុមណាមួយដូចខាងក្រោម៖ – ជាភាសាបារាំង ម៉ោង៩, ម៉ោង១០៖៣០, ១១៖៣០ – ជាភាសាខ្មែរ ម៉ោង៩៖៤០, ១១៖១០, ១៤៖៤០ និងជាភាសាអង់គ្លេស ម៉ោង ៩៖២០, ១០៖៥០, ១៤៖២០។ សូមបញ្ចាក់ថាទិវាបេតិកភណ្ឌនៅកម្ពុជាធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារបេតិកភណ្ឌល្អឯកផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ។ ម៉ោងពេល និងបែបបទចូលទស្សនានឹងត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ៕


ប្រភព៖ kh.ambafrance.org