បច្ចេកវិទ្យា

Qualcomm និយាយថា Apple គួរតែមានភាពម៉ត់ចត់ទៅលើការហាមឃាត់របស់ចិនមកលើ iPhone

BY
autoadmin
December 19, 2018

បន្ទាប់ពីបានរិះគន់លើក្រុមហ៊ុន Apple នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញចំពោះការឆ្លើយតបរបស់ Apple លើការហាមឃាត់នឹងម៉ូដែល iPhone មួយចំនួន អ្នកប្រឹក្សាទូទៅរបស់ក្រុមហ៊ុន Qualcomm លោក Don Rosenberg បានមានប្រតិកម្មយ៉ាងខ្លាំងមកលើបញ្ហានេះ ដោយលោកបាននិយាយថា «បញ្ហានេះត្រូវតែមានភាពច្បាស់លាស់» ដោយសារលោកបានមើលឃើញថា ទោះបីជាមានការហាមឃាត់ការលក់នូវម៉ូដែលមួយចំនួនរបស់ Apple ​ក៏ក្រុមហ៊ុននេះមិនបានអនុលោមភាពតាមការបង្គាប់របស់តុលាការ ហើយនៅតែមានចរាចរលក់នូវម៉ូដែលដែលកំពុងត្រូវបានហាមឃាត់លក់ដដែល។

គួរបញ្ជាក់ផងដែរថា តុលាការរបស់ចិនគឺហាមមិនឱ្យលក់ទូរស័ព្ទ Apple ម៉ូដែល iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X នៅក្នុងប្រទេសចិនទៀតទេ។ លោក Rosenberg ក៏បានបន្ថែមថា វាមិនមែនអាស្រ័យលើក្រុមហ៊ុន Apple សម្រេចចិត្តថាតើវាស្របទៅតាមបទបញ្ជារបស់តុលាការនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវរបស់ Apple ក្នុងការអនុវត្តតាមបញ្ជានេះ ឬបញ្ជាក់ទៅតុលាការវិញដើម្បីបង្ហាញថា Apple មិនរំលោភលើប៉ាតង់របស់ក្រុមហ៊ុន Qualcomm ហើយការហាមឃាត់នេះនឹងនៅតែបន្តរហូតដល់ពេលតុលាការដោះស្រាយរួច៕

អត្ថបទ៖ លីដា
ប្រភព៖ 9to5mac

Share This Post: