ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ ៣ដង

BY
srey nuch
September 15, 2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ ៣ដង ចំណែកការជួសជុលថែទាំមានការចំណាយតិចដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: