បច្ចេកវិទ្យា

ប្រទេសជប៉ុនបង្អួតយន្ដហោះបំបាំងកាយប្រភេទ F-35 ថ្មីរបស់ខ្លួន ដើម្បីទប់ទល់ពីការឈ្លានពានរបស់ចិន

BY
Khmernote Media
December 19, 2018

ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្លាស់ប្តូរគោលការណ៍ការពាររបស់ខ្លួន និងទិញយន្ដហោះបំបាំងកាយ F-35A ចំនួន ១០៥គ្រឿង ថែមទាំងយន្តហោះ F-35B ចំនួន ៤០គ្រឿង ខណៈដែលជប៉ុននឹងបំពាក់បន្ថែមនូវប្រព័ន្ធដឹកជញ្ជូន Izumo ចំនួនពីររបស់ខ្លួនបន្ថែម ដើម្បីទប់ទល់នឹងកំដៅ និងសម្ពាធពីការគំរាមកំហែង ដែលកើតឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង។ ជប៉ុនបានកំពុងតែការពារកោះមួយចំនួនរបស់ខ្លួន ខណៈដែលប្រទេសរុស្ស៊ី និងប្រទេសចិន កំពុងតែយាយីតំបន់សមុទ្ររបស់ខ្លួន ចំណែកសហរដ្ឋអាមេរិកវិញ នៅមិនទាន់បានផ្តល់ជំនួយដល់ជប៉ុននៅឡើយទេ។

យោងតាមលោក Justin Bronk អ្នកជំនាញខាងអាកាសចរណ៍នៅវិទ្យាស្ថាន Royal United Services បានប្រាប់ទៅ Business Insider ថា ការឆ្លើយតបពីជប៉ុន គឺអាចឱ្យយើងដឹងថា ពួកគេមានសមត្ថភាពគ្រប់គ្រងកោះរបស់ពួកគេ ជាពិសេសដោយសារតែការយាយីជាច្រើនពីយោធាចិនតែម្តង។ លោក Bronk បានបន្តថា នាពេលអនាគត ប្រទេសជប៉ុនទំនងជានឹងស្តារឡើងវិញនូវសមត្ថភាពការឃ្លាំមើល និងពង្រឹងសមត្ថភាពនៃយន្តហោះ F-35 ដើម្បីផ្តល់ព័ត៌មានគោលដៅដែលមានគុណភាពទៅដល់ នាវាចម្បាំងជប៉ុន ឬអាមេរិក ហើយការរាយការណ៍ចំគោលដៅនេះ អាចឱ្យពួកគេបាញ់មីស៊ីលការពារខ្លួនបានទាន់ពេលវេលា។ សម្រាប់ប្រទេសជប៉ុនប្រភេទយន្តហោះដឹកជញ្ជូន F-35 ថ្មីបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយនៃឥរិយាបថការពាររបស់េពួកគេ ដើម្បីប្រឆាំងពីការឈ្លានពារបស់នាវាចម្បាំងចិន៕

អត្ថបទ៖ លីដា
ប្រភព៖ businessinsider

Share This Post: