ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងទ័ពជើងទឹករបស់រុស្ស៊ី និងចិន បានអនុវត្តការល្បាតរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិក

    BY Khmernote Media September 16, 2022
    កងទ័ពជើងទឹករបស់រុស្ស៊ី និងចិន បានអនុវត្តការល្បាតរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិក

    ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួនបានអនុវត្តការល្បាតរួមគ្នា ជាមួយកងទ័ពជើងទឹកចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រសួងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា នាវាកងទ័ពជើងទឹកមកពីប្រទេសទាំង ២ បានធ្វើការល្បាតរួមគ្នាជាលើកទី២ ហើយខ្លួនក៏បានបញ្ចេញវីដេអូនៃប្រតិបត្តិការនោះផងដែរ។ សេចក្តីប្រកាសបាននិយាយថា ប្រតិបត្តិការនេះត្រូវបានចូលរួមដោយនាវារុស្ស៊ី ក្នុងប្រភេទជានាវាចម្បាំងហ្វ្រេហ្គាត និងនាវាខ័រវេត។ វាបាននិយាយថា នាវិកមកពីប្រទេសទាំង ២ ក៏ត្រូវបានកំណត់ពេលដើម្បីសាកល្បង និងបញ្ជាក់ពីទំនាក់ទំនងទៅវិញទៅមក និងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ។

    ក្រសួងបាននិយាយថា បេសកកម្មនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងរុស្ស៊ី និងចិន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រំលឹកដែរថា កងទ័ពជើងទឹករុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាលើកដំបូងរបស់ពួកគេ នៅក្នុងសមុទ្រជប៉ុន និងប៉ាស៊ីហ្វិកខាងលិចកាលពីខែតុលាឆ្នាំមុន។ កងទ័ពជើងទឹកចិនក៏បានចូលរួមនៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលបានធ្វើឡើងនៅភាគខាងកើតរបស់ខ្លួនកាលពីដើមខែនេះផងដែរ។

    ការល្បាតរួមគ្នានេះ កើតឡើងមុនពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថា នឹងត្រូវជួបពិភាក្សាគ្នា ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍។ មេដឹកនាំទាំង ២ កំពុងចូលរួមកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលបើកនៅថ្ងៃនោះក្នុងប្រទេសអ៊ូសបេគីស្ថាន។ ប្រតិបត្តិការនេះត្រូវបានគេគិតថា មានគោលបំណងបង្ហាញពីកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំង ២ ក្នុងគោលបំណងដើម្បីទទប់នឹងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: