សិល្បៈ

រដ្ឋាភិបាលប្រទេស Suriname ប្តេជ្ញាចាត់វិធានការផ្លូវច្បាប់លើផលិតករកូរ៉េ ព្រោះតែថតរឿងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស

BY
Naren
September 16, 2022

កាលពីថ្ងៃទី១៥ ខែកញ្ញា កាសែត Koreajoongang Daily បានរាយការណ៍ថា រឿងភាគNetflixដ៏ល្បីរបស់កូរ៉េ ចំណងជើង Narco-Saints បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ ប្រទេសស៊ូរីណាម (Suriname) ដែលជាប្រទេសនៅអាមេរិកខាងត្បូងជាប់ព្រំដែនប្រទេសប្រេស៊ីល។ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិនៃសាធារណៈរដ្ឋ ស៊ូរីណាម (Suriname) លោក Albert R. Ramdin បានលើកឡើងអំពីភាពយន្តនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា។ លោកបាននិយាយថានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងផលិតករ រឿងភាគកូរ៉េ Narco-Saints នេះ។ លោកថា «យើងបានខិតខំប្រឹងប្រែងជាច្រើនដើម្បីលើកកម្ពស់មុខមាត់ប្រទេស ស៊ូរីណាមបានឈប់ជាប្រទេសដែលជាប់ពាក់ព័ន្ធគ្រឿងញៀនជាយូរមកហើយ។ ទោះជាយ៉ាងណា ប្រទេសរបស់យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ដែលត្រូវបានគេដាក់ក្នុងរូបភាពអវិជ្ជមានដោយឥទ្ធិពលនៃភាពយន្ត Narco-Saints ។ យើងនឹងទាក់ទងទៅកូរ៉េខាងលើបញ្ហានេះ»។

Narco-Saints គឺជារឿងភាគកូរ៉េ (K-Drama) ដែលផលិតដោយក្រុមហ៊ុន Netflix ដែលនិយាយអំពីការចាប់ខ្លួនម្ចាស់គ្រឿងញៀនជនជាតិកូរ៉េម្នាក់ដែលរស់នៅក្នុងប្រទេស Suriname ។ ការសម្តែងគឺផ្អែកលើរឿងពិតដឹកនាំដោយលោក Yoon Jong Bin ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា។ ខ្សែភាពយន្តនេះបានប្រមូលផ្តុំតារាសម្ដែងល្បីៗប្រចាំប្រទេសកូរ៉េ ហើយទទួលបានសមិទ្ធិផលល្អៗជាច្រើន។ បន្ទាប់ពីមានបញ្ហានេះកើតឡើង ប្រជាជនកូរ៉េជាច្រើនដែលរស់នៅក្នុងប្រទេសស៊ូរីណាម នេះមានការព្រួយបារម្ភយ៉ាងខ្លាំងជាពិសេសចំពោះសុវត្ថិភាព។ ក្រុមហ៊ុន Netflix មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ៕

ប្រភព៖ koreaboo , nme

Share This Post: