ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីលោក ចូ បៃដិន អះអាងម្តងទៀតថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនមានការវាយប្រហារពីសំណាក់ប្រទេសចិន

    BY Khmernote Media September 19, 2022
    ប្រធានាធិបតីលោក ចូ បៃដិន អះអាងម្តងទៀតថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនមានការវាយប្រហារពីសំណាក់ប្រទេសចិន

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយម្តងទៀតថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ពី «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក» ពីសំណាក់ប្រទេសចិន។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្ដិ៍ CBS លោកត្រូវបានគេសួរថា តើកងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរ ឬទេ ហើយលោកបានឆ្លើយថា «បាទ» ទៅនឹងសំណួរមួយនោះ។ បទសម្ភាសន៍​ដែលបាន​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ ​បានបញ្ជាក់សាជាថ្មី​ថា ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​មិន​បាន​ផ្លាស់ប្តូរ​ឡើយ​។ ពោលគឺ ទីក្រុងវ៉ាស៊ីនតោនតែងតែនៅកណ្ដាល ដោយខ្លួនមិនបានប្តេជ្ញាការពារតៃវ៉ាន់នោះទេ ប៉ុន្តែក៏មិនបដិសេធការជួយនោះដែរ។

    តៃវ៉ាន់​ជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​ចិន ដែល​ក្រុង​ប៉េកាំង​ទាមទារ​ជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន ហើយទីក្រុងវ៉ាស៊ីនតោនមានការប្រុងប្រយ័ត្នខ្ពស់ខាងការទូតលើបញ្ហានេះ។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង។ ក្រោម​គោលនយោបាយ​នេះ តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​របស់​ចិន ហើយ​ជំហរ​មិន​ត្រូវ​បាន​ជំទាស់​ឡើយ។ ដូច្នេះ អាមេរិក​មិន​ទទួល​ស្គាល់​ថា ​តៃវ៉ាន់ជា​រដ្ឋ​ដាច់​ដោយ​ឡែក និង​គ្មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​នេះ​ទេ។ ប៉ុន្តែខ្លួនរក្សាទំនាក់ទំនងជិតស្និទ្ធ និងលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលចែងថា អាមេរិកត្រូវតែផ្តល់មធ្យោបាយការពារដល់កោះតៃវ៉ាន់៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: