ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចក្រឡាហោម ស ខេង ៖ «ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគមហារីកសង្គមយ៉ាងកាចសាហាវបំផុត»

    BY Naren September 19, 2022
    សម្តេចក្រឡាហោម ស ខេង ៖ «ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគមហារីកសង្គមយ៉ាងកាចសាហាវបំផុត»

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក អគ្គលេខាធិការ អភិបាលរាជធានី ខេត្ត ស្នងការរាជធានី ខេត្ត និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត។

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងនោះ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ពីសាម៉ីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន។ សម្ដេច ឱ្យដឹងថាខេត្តព្រះសីហនុមាន២១២ករណី, ពោធិ៍សាត់មាន៤ករណី, ស្វាយរៀងមាន១៨ករណី, ខេត្តកោះកុងមាន៥ករណី, ប៉ៃលិនមាន១ករណី, ឧត្តរមានជ័យមាន១៤ករណី, កណ្ដាលមាន១៨ករណី, សៀមរាបមាន១ករណី, រាជធានីភ្នំពេញ១៤ករណី និងខេត្តបន្ទាយមានជ័យមាន២ករណី។ សម្ដេច បន្តថា«ពាក្យបណ្ដឹងទាំងឡាយនេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងនោះដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ស្ដែងបន្តបន្ទាប់គឺប្រមាណ៩៥ភាគរយជាការពិត»។សម្ដេចក្រឡាហោម បានបន្តថាក្រុមប្រតិបត្តិការ ក៏បានស្រាវជ្រាវ និងស៊ើបអង្កេតបានករណីមួយចំនួនដែរ ដោយគិតចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានស្រាវជ្រាវ និងស៊ើបអង្កេតបានចំនួន៨៥ករណី រកឃើញមនុស្ស១៧៦នាក់ មាន៨សញ្ជាតិ ក្នុងនោះខេត្តព្រះសហនុច្រើនជាងគេ និងកត់សម្គាល់ថាភាគច្រើននៃជនរងគ្រោះគឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់។

    ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់នេះដែរ សម្ដេចបានមានប្រសាសន៍ថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគមហារីកសង្គមយ៉ាងកាចសាហាវបំផុត។ តាមរយៈបទល្មើសនេះ បទល្មើសផ្សេងៗនឹងកើតមានឡើងតាមនោះដែរ មានជាអាទិ៍ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសគ្រឿងញៀន ភេវរកម្ម លួចឆក់ប្លន់ បទល្មើសជម្រិតទារប្រាក់ បទល្មើសធ្វើទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងក៏ប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គម។ សម្ដេច ក៏បានផ្ដល់ការណែនាំអំពីការសម្រេចបែងចែកការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានភូមិឃុំសង្កាត់ឱ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកទទួលខុសត្រូវ ដោយសារបទល្មើសនេះមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សមនុស្ស។ ចំណែកក្រុមការងារដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអ្នកទទួលខុសត្រូវបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: