រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ «រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណជាង២០០លានដុល្លារ កសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ក្នុងបំណងទាក់ទាញការវិនិយោគ មិនមែនដើម្បីបម្រើឱ្យឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ»
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឱ្យឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ។ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ»។

សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់សម្រេចគោលដៅអាទិភាព៤ រួមមានទី១. គឺសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា, ទី២. ខិតខំស្រាវជ្រាវមេខ្លោងនិងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការលើកលែង, ទី៣.ត្រួតពិនិត្យប្រមូលភស្តុតាងដើម្បីបិទទីតាំងប្រព្រឹត្តបទល្មើស និងទីតាំងខុសច្បាប់ និងទី៤. គឺត្រូវពន្លាតការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកបទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងៗទៀត៕
ប្រភព៖ ក្រសួងមហាផ្ទៃ