ព័ត៌មានជាតិ

ព្រឹត្តិការណ៍ព្រះអាទិត្យរះចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត នឹងឈានមកដល់ថ្ងៃស្អែក ទី២២ ខែកញ្ញា ឆ្នាំ២០២២

BY
Naren
September 21, 2022

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ Autumnal Equinox នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២ នេះហើយ។ ទោះជាយ៉ាងណាខាងអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក៏បាននិយាយថាដោយសារក្នុងសប្តាហ៍នេះអាកាសធាតុមិនអំណោយផល ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។ សូមបញ្ជាក់ថាព្រឹត្តិការណ៍ សមរាត្រី ឬព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាល​ប្រាសាទអង្គរវត្តដ៏អស្ចារ្យនេះ មានល្បីល្បាញពេញពិភពលោក និងការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ និងផ្តិតយករូបភាពនេះ ទុកជា អនុស្សាវរីយ៍។ ដែលជារៀងរាល់ឆ្នាំគេតែងតែឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ពាន់នាក់បានមកទស្សនាថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា
អត្ថបទ៖ យី សុថា
រូបភាព៖ ហ៊ុំ រិទ្ធី រដ្ឋ ផល្លីន

Share This Post: