ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រុកចំនួន៨ ក្នុងខេត្តសៀមរាប កំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តអំពាវនាវដល់ពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន

    BY Khmernote Media September 22, 2022
    ស្រុកចំនួន៨ ក្នុងខេត្តសៀមរាប កំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តអំពាវនាវដល់ពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះមក។

    ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ដល់ភូមិចំនួន ១៥០ភូមិ នៃឃុំចំនួន៣១ ក្នុងស្រុកចំនួន៨ រួមមាន៖ ស្រុកស្រីស្នំ, ស្រុកក្រឡាញ់, ស្រុកជីក្រែង, ស្រុកអង្គរជុំ, ស្រុកវ៉ារិន, ស្រុកពួក, ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ក្នុងនោះ បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២.៩០៦គ្រួសារ ក្នុងនោះលិចបរិវេណផ្ទះកម្រិតស្រាលចំនួន ១.៧៦០ខ្នង និងកម្រិតធ្ងន់ចំនួន ២៩ខ្នង ហើយមានប្រជាពលរដ្ឋចំនួន ៤ គ្រួសារ បានជម្លៀសដោយខ្លួនឯងទៅនៅជាមួយសាច់ញាតិដែលនៅជិតៗ ដោយឡែក ប្រជាពលរដ្ឋដទៃនៅពុំទាន់ដល់កម្រិតដែលត្រូវជម្លៀសនៅឡើយ។

    របាយការណ៍បញ្ជាក់បន្ថែមថា ក្រៅពីប៉ះពាល់ដល់លំនៅឋាននិងប្រជាពលរដ្ឋនោះ ទឹកជំនន់នេះ បានប៉ះពាល់ដល់ស្រូវពង្រោះចំនួន ៦.១២៥ហិកតា, ដំឡូងមី ចំនួន ១.៥៧៨ហិកតា, លិចទីធ្លាសាលារៀន ៣៣កន្លែង, លិចបរិវេណមណ្ឌលសុខភាព ០៤កន្លែង, អាគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ០៧កន្លែង, លិចបរិវេណវត្ត ០៦កន្លែង, លិចផ្លូវប្រវែង ៧៨.៤២៦ម៉ែត្រ និងខូចខាតប្រវែង ២.៣៦៦ម៉ែត, លិចខ្នងទំនប់, ខ្នងប្រឡាយប្រវែង ១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត , លិចស្ពាន ០១កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ, ងាប់គោចំនួន ០១ក្បាល, ងាប់មាន់ទាសរុបចំនួន ៦៧៦ក្បាល។

    បន្ទាប់ពីមានករណីជំនន់ទឹកភ្លៀងកើតឡើង លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចេញសារជូនដំណឹងតាមរយៈប្រព័ន្ធ១២៩៤ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន នៅក្នុងភូមិសាស្ត្រខ្លះនៃខេត្តសៀមរាប ឱ្យមានលក្ខណៈ ត្រៀមបម្រុង និងតាមដានបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីឆ្នាំ២០២២ ដែលកម្ពុជាកំពុងបន្តទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប (ITCZ)។

    របាយការណ៍បន្ថែមថា ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក, ការថែទាំសុខភាព ការបង្កាជំងឺរាករូស, ការពារពីការយាយីពីសត្វមានអាសិរពិស និង ការស្វែងរកទីទួលមានសុវត្ថិភាព ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត។

    ដោយឡែកចំពោះស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងសៀមរាបវិញ បានលិចទឹកនៅតាមភូមិនៃបណ្ដាសង្កាត់ចំនួន១១ ដូចជាសង្កាត់ជ្រាវ សង្កាត់គោកចក សង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម សង្កាត់ក្របីរៀល សង្កាត់សៀមរាប សង្កាត់សំបួរ សង្កាត់នគរធំ សង្កាត់ទឹកវិល សង្កាត់ស្វាយដង្គំ និង សង្កាត់សាលាកំរើក លើកលែងតែសង្កាត់ចុងឃ្លៀស បណ្ដាលឲ្យលិចនូវហេដ្ឋារចនាសម្ព័ន្ធនានា បរិវេណផ្សារ សាលារៀន មណ្ឌលសុខភាព និងតាម ណ្តាដងផ្លូវសំខាន់ៗក្នុងក្រុង និងបានស្រកទឹកវិញជាបណ្តើរៗ ហើយក្រុមការងារ រដ្ឋបាលក្រុង សង្កាត់បានធ្វើការបង្វែរដើម្បីរំដោះទឹកចេញពីតំបន់លិចទាំងនោះ។

    ស្របតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានព្យាករណ៍អាការធាតុចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា ឆ្នាំ២០២២ ចំពោះឥទ្ធិពល ជ្រលងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអាចធ្វើឱ្យមានជំនន់ទឹកភ្លៀងកើតឡើង ជាយថាហេតុ ស្របពេលតំបន់មួយចំនួនមានការជន់លិចស្រាប់នាអំឡុងពេលនេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តត្រៀមលក្ខណៈ ដើម្បីតាមដាន និងត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះក្នុង ករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ។

    គួររំលឹកថា ករណីជំនន់ទឹកភ្លៀងនោះនឹងកើនមានបន្តទៀត ព្រោះទឹកភ្លៀងនៅតែបន្តធ្លាក់មក បើយោងតាមរបាយការណ៍មន្ទីរធនធានទឹក និង ឧតុនិយមខេត្តសៀមរាប បានឲ្យដឹងថា នៅយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នៅស្រុកជីក្រែង មានភ្លៀងធ្លាក់ក្នុងកម្រិត ៤៥មម ក្នុងតម្រង, ស្រុកសូទ្រនិគម មានភ្លៀងធ្លាក់ក្នុងកម្រិត ៤៦,៥មម ក្នុងតម្រង, ស្រុកប្រាសាទ មានភ្លៀងធ្លាក់ក្នុងកម្រិត ៤៥,៩មម ក្នុងតម្រង, ក្រុងសៀមរាប មានភ្លៀងធ្លាក់ក្នុងកម្រិត ១២០,៥មម ក្នុងតម្រង, ស្រុកពួក មានភ្លៀងធ្លាក់ក្នុងកម្រិត៤៣មម ក្នុងតម្រង, ឃុំសសរស្ដម្ភ ក្នុងស្រុកពួក មានភ្លៀងធ្លាក់ក្នុងកម្រិត ៦,៩មម ក្នុងតម្រង, ស្រុកក្រឡាញ់ មានភ្លៀងធ្លាក់ក្នុងកម្រិត ២មម ក្នុងតម្រង, ស្រុកស្រីស្នំ មានភ្លៀងធ្លាក់ក្នុងកម្រិត ៤,៥មម ក្នុងតម្រង, ស្រុកអង្គរជុំ មានភ្លៀងធ្លាក់ក្នុងកម្រិត ២០,៥មម ក្នុងតម្រង, ស្រុកអង្គរធំ មានភ្លៀងធ្លាក់ក្នុងកម្រិត ៣៦មម ក្នុងតម្រង, ស្រុកវ៉ារិន មានភ្លៀងធ្លាក់ក្នុងកម្រិត ១៩,១មម ក្នុងតម្រង, ស្រុកបន្ទាយស្រី មានភ្លៀងធ្លាក់ក្នុងកម្រិត ៣០,៥មម ក្នុងតម្រង និង ស្រុកស្វាយលើ មានភ្លៀងធ្លាក់ក្នុងកម្រិត ៤៩.១មម ក្នុងតម្រង ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: