ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ម៉ូតូអាចបើកបរលើផ្លូវល្បឿនលឿនបាន តែត្រូវមានទំហំស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ ហើយតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ពីក្រសួង

BY
Khmernote Media
September 23, 2022

ភ្នំពេញ៖ ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យការងារត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។

ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យវឌ្ឍនភាពការងារចុងក្រោយ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ឱ្យដឹងថា៖ គម្រោងការងារសាងសង់ផ្លូវល្បឿនលឿនសម្រេចបានស្ទើរតែ ១០០%ហើយ លឿនជាងផែនការគ្រោងទុករហូតដល់ទៅ០៨ខែ ហើយការងារដែលនៅសេសសល់មួយចំនួននឹងត្រូវបញ្ចប់ឱ្យបានរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជា ពលរដ្ឋគួរយល់ដឹង ដើម្បីឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់កម្ពុជានេះ ប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ ជារួមមានដូចជា៖ របៀបប្រើប្រាស់គន្លងផ្លូវ ល្បឿនបើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែលអនុញ្ញាតឱ្យបើកបរបាន ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀបនៃការវ៉ាជែងផងដែរ។ ចំណែឯទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬ២៧kw ឡើង មានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុន។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ក្រសួងបានរៀបចំផលិតនូវវីដេអូអប់រំ ស្តីពីការប្រើប្រាស់ផ្លូវ ល្បឿនលឿននេះដែរ ហើយត្រៀមនឹងផ្សព្វផ្សាយនាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីតារាកម្រៃទូទាត់លើមធ្យោបាយ ធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ចែកចេញជា៥ប្រភេទដូចខាងក្រោម៖

ប្រភេទទី១៖ ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០សេសេឡើង, រថយន្តគ្រួសារ/រថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើពី ៧នាក់, រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី២តោន តម្លៃ ០.០៦៤ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.០៨ដុល្លារក្នុងមួយគីឡូម៉ែត្រ។

ប្រភេទទី២៖ រថយន្តដឹកអ្នកដំណើរផ្ទុកចាប់ពី ៨នាក់ ដល់ ១៩នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ២តោន ដល់ ៥តោន តម្លៃ ០.១២៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០.១៦ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

ប្រភេទទី៣៖ រថយន្តដឹកអ្នកដំណើរធុនធំ ផ្ទុកចាប់ពី ២០នាក់ ដល់ ៥៦នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ៥តោន ដល់ ១០តោន តម្លៃ ០.១៩២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.២៤ដុល្លារ។

ប្រភេទទី៤៖ រថយន្តដឹកទំនិញធុនធ្ងន់ផ្ទុកចាប់ពី ១០តោន ដល់ ២០តោន តម្លៃ ០.២៥៦ដុល្លារក្នុងមួយគីឡូម៉ែត្រសម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៣២ដុល្លារសម្រាប់មួយគីឡូម៉ែត្រ។

ប្រភេទទី៥៖ រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកលើសពី២០តោនឡើងទៅ (គិតទាំងរ៉ឺម៉កសណ្តោង) តម្លៃ ០.៣២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៤០ដុល្លារក្នុងមួយគីឡូម៉ែត្រ។

Share This Post: