ព័ត៌មានជាតិ

លិចទូកដឹកជនជាតិចិន នៅកោះតាងខេត្តព្រះសីហនុ មនុស្ស ១៨នាក់ត្រូវបានជួយសង្រ្គោះ និងជនរងគ្រោះចំនួន ២៣នាក់ទៀតបាត់ខ្លួន

BY
srey nuch
September 23, 2022

ខេត្តព្រះសីហនុ៖ (ដំណឹងបឋម) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានឲ្យដឹងថា ទូកមួយគ្រឿងដែលមានមនុស្សជិះច្រើននាក់ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឿងនិងកោះតាង វេលាម៉ោងជិត ៤ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។

ក្រោយទទួលបានព័ត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្រ្គោះ ក្នុងនោះជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងរកជនរងគ្រោះនៅបាត់ខ្លួន ដែលតាមសមត្ថកិច្ចបញ្ជាក់ថានៅបាត់ខ្លួនចំនួន២៣នាក់ទៀត។

តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះដែលបានលិចទូកនោះបានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន០១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរ ចំនួន០២នាក់ និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿង ប្រភេទទូកអូសពណ៌បៃតង មានមនុស្សចំនួន០៦នាក់ បានមកទទួលយកតៃកុងខ្មែរ០២នាក់ នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នៅកណ្តាលសមុទ្រ។ ទោះជាយ៉ាងនេះក្តី ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន៕

ប្រភព៖ លោក Huy Bunleng News

Share This Post: