ព័ត៌មានជាតិ

ប្រាសាទច័ន្ទឆាយាបង្អួតរូបរាងថ្មី និងកាន់តែទាក់ទាញក្រោយការជួសជុលឡើងវិញ

BY
srey nuch
September 28, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រាសាទច័ន្ទឆាយា គឺជាប្រាសាទមួយដែលស្ថិតនៅជាប់កំពែងខាងមុខនិងឈៀងខាងជើងនៃព្រះបរមរាជវាំងដែលបានកសាងឡើងក្នុងឆ្នាំ១៩១៣ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិ។

សំណង់ស្ថាបត្យកម្ម នៃប្រាសាទនេះមានរាងខ្ពស់ស្រលះ គ្មានជញ្ជាំងព័ទ្ធជុំវិញ ដើម្បីឲ្យពន្លឺព្រះច័ន្ទចាំងរស្មីចូលទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ភ្ជាប់នោះទេ មានអាយុកាលជិត ១០៩ឆ្នាំហើយ ហើយពាក្យថាច័ន្ទឆាយា មានន័យថាស្រមោលព្រះច័ន្ទ។ ប្រាសាទនេះគឺជាធ្លាឬបរិវេណសម្រាប់ការសម្តែងការរាំក្បាច់របាំនានា ដើម្បីផ្តល់ជាទស្សនីយភាពក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាតិ និងអន្តរជាតិលំដាប់ខ្ពស់ៗ។

បច្ចុប្បន្ន ប្រាសាទនេះប្រើប្រាស់គឺសំរាប់ជាវេទិកាកិត្តិយសដែលព្រះមហាក្សត្រទ្រង់យាងទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងជាវេទិកាកិត្តិយស នៅពេលដែលព្រះមហាក្សត្រទ្រង់យាងថ្លែងសុន្ទរកថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅក្នុងពិធីបុណ្យសំខាន់ៗ ដូចជា៖ ថ្ងៃបុណ្យឯករាជ្យជាតិ ទី៩ ខែវិច្ឆិកា និងពិធីបុណ្យធំៗក្នុងរយៈពេល៥ឆ្នាំម្ដង។

ប្រាសាទច័ន្ទឆាយា ត្រូវបានសម្រេចជួសជុលឡើងវិញនៅថ្ងៃទី៤ ខែកញ្ញា ក្រោមការដឹកនាំរបស់សម្តេចចៅហ្វាយវាំង វរវៀច័យអធិបតីស្រឹង្គា គង់ សំអុល និង ក្រុមការងារស្ថាបត្យកម្មជំនាញៗ កន្លងទៅក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ ប្រាសាទច័ន្ទឆាយាបានបង្ហាញមុខមាត់ជាថ្មីក្នុងឆ្នាំ២០២២ ក្រោមស្នាដៃជួសជុលដ៏ល្អឯក ការយកចិត្តទុកដាក់ខ្ពស់ផងនោះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទាំងក្មេងទាំងចាស់ បានដក់ស្រលាញ់ និង មានមោទកភាពជាមួយនឹងរូបរាងថ្មីស្រឡាងនៃប្រាសាទច័ន្ទឆាយា ដែលជម្រុញនិងអន្តោងចិត្តក្រុមអ្នកថតរូបជំនាញជាច្រើនមកផ្តិតយករូបភាពថ្មីនៃសម្រស់ប្រាសាទនេះ ជាពិសេសយុវតីដែលចូលចិត្តនិងស្រលាញ់ការថតរូបម្នាក់ឈ្មោះថា ឌី ម៉ាលីណែត បានទៅផ្តិតយករូបភាពនារាត្រីថ្ងៃទី២៧ ក្រោយព្រះពិរុណបង្អុររួចបានយ៉ាងល្អឯក មានពន្លឺពីខាងក្នុងប្រាសាទ ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ក្នុងការថត និងធ្វើឲ្យតួរប្រាសាទច័ន្ទឆាយាកាន់តែធ្លោមួយកម្រិតត្រូវបានមហាជនចែកចាយបន្តគ្នានៅលើបណ្តាញសង្គមគួរជាទីស្ងប់ស្ងែងជាពន់ពេក បង្ហាញថាកូនខ្មែរអាចធ្វើបាន បង្ហាញថាសន្តិភាព ពិតជាថ្នាលដ៏សំខាន់ក្នុងការបណ្តុះធនធានមនុស្សលើគ្រប់វិស័យ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Credit: Panha Momiko Studio,
Credit photo ៖ Malyneth Dy

Share This Post: