ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ «ការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែក បានធ្វើនោះ»

BY
Naren
September 29, 2022

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថារឿងរ៉ាវការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ដែលពិធីនេ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

Share This Post: