យោធិន២រូប ដែលពលីអាយុជីវិតក្នុងបេសកកម្មជួយសង្គ្រោះក្មេងលង់ទឹក ត្រូវបានដំឡើងឋានន្តរស័ក្កិជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ឯក (ស័ក្តិ៣)
(ភ្នំពេញ)៖ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ចេញសេក្ដីសម្រេចដំឡើងឋានន្តរសក្កិជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ឯក ជូនដល់សពយោធិនពីររូបដែលពលីក្នុងបេសកកម្មជួយសង្គ្រោះប្រជាជនលង់ទឹកជំនន់ទឹកភ្លៀង។

យោងតាមការបង្ហោះរបស់ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា តបស្នងចំពោះការធ្វើពលិកម្មដ៏ធំធេងរបស់យុទ្ធជនពីររូប នៅក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាពលរដ្ឋលង់ទឹកដោយសារជំនន់ទឹកភ្លៀងនៅចំណុចអាងអង្ក្រង ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យនាពេលថ្មីៗនេះ។ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចដំឡើងឋានន្តរសក្កិជាកិច្ចបច្ឆាមរណៈ ថ្នាក់អនុសេនីយ៍ឯក ជូនសពយោធិនពលី៖
១. ពលបាលឯក ឈន ស៊ីដេត អត្តលេខ ២៣៤៦៩០ យោធិននៅវរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលខ៤២ យោធភូមិភាគទី៤
២. ពលទោ វ៉ាន់ ថុល អត្តលេខ ២៣៤១៤២ យោធិននៅវរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលខ៤២ យោធភូមិភាគទី៤៕

