កូនខ្មែរនាំប្រ៊េនបង្អែមល្បីពីប្រទេសចិនមកកម្ពុជា និងរំពឹងមានការគាំទ្រច្រើនពីអតិថិជន
(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋកម្ពុជា សាកភ្លក់បង្អែមដែលធ្វើមកពីផ្លែឈើស្រស់ៗ លោក សុវណ្ណ តារា ប្រធានផ្នែកលក់នៃហាង Durian XiaoXi បានសហការជាមួយវិនិយោគិនចិននាំប្រ៊េន( Franchise)បង្អែមមកពី ប្រទេសចិនឈ្មោះថា Durian XiaoXi ចូលមកប្រទេសកម្ពុជាដោយរំពឹងថា ការនាំចូលដំបូងនៃបង្អែមនេះ នឹងមានការគាំទ្រច្រើនពីអតិថិជន។


លោក សុវណ្ណ តារា ថ្លែងឲ្យដឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសសម្ពោធជាផ្លូវការហាង Durian XiaoXi ថា «ហាង Durian XiaoXi ជាហាងដំបូងនៅកម្ពុជាដែលខ្ញុំ និងដៃគូរវិនិយោគបានទិញ Franchise ពីប្រទេសចិនមកកម្ពុជា។ Durian Xiaoxi ជាហាងដែលលក់នូវប្រភេទបង្អែម ដែលធ្វើមកពីផ្លែឈើស្រស់ ហើយផ្ដោតពិសេសលើផ្លែធុរ៉េន និងបង្អែមផ្សេងៗជាច្រើនមុខទៀត រួមទាំងបង្អែមដែលនាំមកពីប្រទេសចិនផងដែរ»។


លោកបន្ដទៀតថា កត្តាដែលនាំឲ្យមានការសហការជាមួយដៃគូ ក្នុងការបើកដំណើរការហាងបង្អែមនេះផ្អែកលើកត្តាដូចជា នៅកម្ពុជាប្រពលរដ្ឋចូលចិត្តទទួលទានធុរ៉េន, មួយវិញទៀតការធ្វើបង្អែមពីផ្លែធុរ៉េននៅកម្ពុជា មានការទទួលគាំទ្រច្រើនព្រោះ ធុរ៉េនៅកម្ពុជាមានផ្លែល្អគ្មានជាតិគីមី ធម្មជាតិល្អជាបណ្ដាប្រទេសផ្សេងៗ និងកត្តាមួយទៀតគឺ យកធុរ៉េច្នៃចេញជាបង្អែមជាច្រើនប្រភេទ និងឈ្ងុយឆ្ងាញពិសារថែមទៀតផង។
លោកបន្ថែមថា វត្តមាន Durian XiaoXi នៅកម្ពុជានេះនឹងជួយដល់ប្រពលរដ្ឋដូចជា ការផ្ដល់ការងារដល់ពួកគាត់ព្រោះ Durian XiaoXi គ្រោងនឹងបន្ដបើកជាច្រើនសាខាទៀតទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត ហើយអ្វីដែលពិសេសនោះគឺ ជួយទៅដល់ប្រជាកសិករ ដោយយើងនឹងប្រមូលទិញកសិកផលពីពួកគាត់ ដើម្បីកែច្នៃជាបង្អែមផ្សេងៗ។


