ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា ភ្លៀងនឹងនៅតែបន្តធ្លាក់ច្រើន នៅតាមបណ្ដារាជធានី-ខេត្ត ជាពិសេសនៅតំបន់ជាប់សមុទ្រ អាចមានភ្លៀងលាយឡំជាមួយខ្យល់បក់បោក

    BY Khmernote Media October 8, 2022
    ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា ភ្លៀងនឹងនៅតែបន្តធ្លាក់ច្រើន នៅតាមបណ្ដារាជធានី-ខេត្ត ជាពិសេសនៅតំបន់ជាប់សមុទ្រ អាចមានភ្លៀងលាយឡំជាមួយខ្យល់បក់បោក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុ ឱ្យបានជ្រាបថា៖

    យោងតាមស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងវិវត្តជាក់ស្ដែង នឹងបន្តវិវត្តជាបន្តបន្ទាប់បានបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោម នៃសមុទ្រចិនខាងត្បូង។ ជាមួយគ្នានោះ​ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម(Active Low) ដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម។

    លក្ខណៈបែបនេះ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស។ ក្នុងនោះបណ្ដាខេត្តនៃតំបន់ខ្ពង់រាបឦសាន និងពាយព្យជាប់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ សម្រាប់រាជធានីភ្នំពេញ និងបណ្ដាខេត្តដទៃទៀតនៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំ ទៅផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ លើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នឹងអាចមានសភាពអាប់អួរ ដោយមានភ្លៀងលាយឡំ នឹងខ្យល់បក់បោក និងកំសូលរលកសមុទ្របង្គួរ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន​ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: