កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានបញ្ចប់បេសកកម្មដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ សម្រេចជោគជ័យជាស្ថាពរ១០០ភាគរយ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅរសៀលថ្ងៃសុក្រ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំកម្លាំងបញ្ជាកាដ្ឋាន បញ្ចប់បេសកកម្មដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ សម្រេចជោគជ័យ ជាស្ថាពរ១០០ភាគរយហើយ។

ជាការឆ្លើយតបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី និងបានប្រជុំដើម្បីប្រគល់ការគ្រប់គ្រងនៅតំបន់ភ្នំតាម៉ៅទៅឲ្យរដ្ឋបាលខេត្តតាកែវ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មន្ទីកសិកម្មខេត្ត រដ្ឋបាលស្រុកបាទី និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលឃុំក្រាំងឆ្នង់ និង រដ្ឋបាលឃុំកណ្ដឹង ជាអ្នកគ្រប់គ្រងបន្ត ក្រោយពេលដែលបញ្ជាការដ្ឋានអង្គរក្សដកកម្លាំងចូលអង្គភាពវិញ។
សូមជម្រាបជូនថា បន្ទាប់ពីបានទទួលនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានបញ្ជាឱ្យបញ្ជាការដ្ឋានអង្គរក្សបញ្ជូនកម្លាំងចំនួន១២២៥នាក់ និងគ្រឿងចក្ររាប់សិបគ្រឿង ចុះឈួស ឆាយ កាយ កប់ សម្អាតដី ដាំកូនឈើប្រណិត និងជីកស្រះចំនួន២ និង អាងស្តុកទឹកធំនៅចំកណ្តាល១កន្លែងដែលអាចស្រោចស្រប់កូនឈើនូវរដូវប្រាំងដោយគ្មានបញ្ហាចោទ ព្រមទាំង ដាំបង្គោលថ្ម និងព័ទ្ធលួសបន្លារ ជុំវិញផ្ទៃដី៥៣០ហិកតា ហើយបានដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ មកដល់បច្ចុប្បន្ននេះអនុវត្តន៍បានសម្រេចលទ្ធផលដូចខាងក្រោម ដាំកូនឈើបានចំនួន១៥៧.៩៥១ដើម សម្អាតដី បានចំនួន ៥៣០ ហិកតា ជីកស្រះបានចំនួន ២កន្លែង ជីកអាងស្តុបទឹកបានចំនួន១កន្លែង ធ្វើរបងដាំបង្គោលថ្មបានចំនួន ៥.០២៩ ដើម និងព័ទ្ធលួសបន្លាបានប្រវែង ៥០.២៨០ ម៉ែត។
ក្រោយពីបានបញ្ចប់បេសកកម្ម ដោយជោគជ័យ របស់បញ្ជាការដ្ឋានអង្គរក្ស និងដោយមានចំណារដ៍ខ្ពង់ខ្ពស់ «បានឃើញ និងសូមកោតសរសើរ»របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើរបាយការណ៍ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ រួចមក បញ្ជាការដ្ឋានអង្គរក្ស ត្រូវរៀបចំកម្លាំង និងគ្រឿងចក្រដើម្បីត្រឡប់ចូលអង្គភាពវិញ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ហើយប្រគល់ការងារ ថែទាំទាំងអស់ ជូនទៅអាជ្ញាធរដែនដី រួមមាន រដ្ឋបាលខេត្តតាកែវ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ,មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំក្រាំងឆ្នង់ និងរដ្ឋបាលឃុំកណ្ដឹង ដើម្បីគ្រប់គ្រងថែទាំបន្ត ៕







