មានការចុះផ្សាយថា មានបនល្បែងស៊ីសងខុសច្បាប់លួចបើកនៅជាន់ទី៤ ផ្សារបឹងត្របែកផ្លាហ្សា ស្នងការរាជធានី បំភ្លឺវិញថា ពុំឃើញមានការលួចលេងឡូតូ និងល្បែងអនឡាញ ដូចការចុះផ្សាយនោះទេ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះផ្សាយរបស់សារព័ត៌មានដែលមានខ្លឹមសារ ៖ “ទីតាំងបនល្បែងស៊ីសងខុសច្បាប់លួចបើកលេងនៅជាន់ទី៤ ផ្សារបឹងត្របែកផ្លាហ្សា ហ៊ានបើកដោយមិនខ្លាចសមត្ថកិច្ច”។

បន្ទាប់ពីបានឃេីញការចុះផ្សាយពាក់ព័ន្ធនឹងករណីនេះភ្លាម នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងជាន់ទី៤នៃផ្សារបឹងត្របែកផ្លាហ្សា ជាលទ្ធផលពុំឃើញមានការលួចលេងឡូតូ និងល្បែងអនឡាញ ដូចការចុះផ្សាយនោះទេ ។
មួយរយ:ពេលចុងក្រោយនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាប និងកំពុងស្រាវជ្រាវបង្ក្រាបទីតាំងល្បែងខុសច្បាប់ ជាបន្តបន្ទាប់ បេីនៅមានទីតាំងលួចលេងល្បែងខុសច្បាប់ សមត្ថកិច្ចនឹងបន្តធ្វេីការស្រាវជ្រាវ ដេីម្បីធ្វេីការបង្ក្រាប៕
