ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ កម្ពុជាត្រៀមផលិតនាឡិកា២៥គ្រឿងផ្ទាល់ខ្លួនម៉ាកអាស៊ានជាកាដូ សម្រាប់មេដឹកនាំបណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២– យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានគូសបញ្ជាក់ថា ពេលនេះកម្ពុជាបានត្រៀមផលិតនាឡិការនៅក្នុងប្រទេសចំនួន២៥គ្រឿង ដាក់ម៉ាកអាស៊ាន ដើម្បីធ្វើជាកាដូ សម្រាប់មេដឹកនាំបណ្តាប្រទេសធំៗ និងប្រទេសនានាចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រៀមផលិតនាឡិកាម៉ាក Made in Cambodia ចំនួន ២៥គ្រឿង សម្រាប់ចែកជាកាដូជូនថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសដៃគូ ដែលអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងផលិតនាឡាការហូតដល់ ២៥គ្រឿង សម្រាប់ថ្នាក់ដឹកនាំកំពូល និងសា្ថប័នកំពូលផងដែរ។ ដាក់អាស៊ានតែម្ដង នាឡិកាម៉ាក Made in Cambodia ប៉ុន្តែផលិតនៅកម្ពុជា ឱ្យគេដឹងថាខ្មែរបច្ចុប្បន្ននេះ អាចផលិតបាន នាឡិកាហើយ។ ខ្ញុំនឹងចែកជាកាដូជូនចំពោះប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ហើយថ្ងៃនោះ ខ្ញុំនឹងពាក់នាឡិកាម៉ាកអាស៊ានតែម្ដង»។
ជាមួយគ្នានោះដែរ សម្ដេចតេជោបានបន្ថែមថា អាស៊ាន មានតែ១០ទេ ប៉ុន្ដែមានដៃគូច្រើន និងប្រធានស្ថាប័នពិភពលោក ដូចជា៖ ប្រធានធនាគារពិភពលោក អគ្គនាយកមូលនិធិរូ បិយវត្ថុអន្តរជាតិ(IMF)ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ ទន្ទឹមនេះ ក៏មានវត្តមានប្រធានអង្គការសុខភាពពិភពលោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ដែលសុទ្ធតែមកចូលរួមកិច្ចសន្ទនាសកលលើកទី២ នៅកម្ពុជា។ លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ រឹតបន្តឹងការការពារសន្តិសុខឱ្យខ្ពស់បំផុត ដើម្បីការពារសន្តិភាព សុវត្ថិភាពដល់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន និងប្រទេសផ្សេងទៀត ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំ ពូលអាស៊ាននៅរាជធានីភ្នំពេញនៅខែវិច្ឆិកាខាងមុខនេះ។
ក្នុងឱកាសនោះដែរ សម្តេចតេជោបានអះអាងថា ត្រូវរឹតបន្តឹងផ្នែកសន្តិសុខទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដើម្បីការពារថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានផងដែរ៕ ដោយ៖ ប៊ុនរិទ្ធ

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា