ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់

    BY Khmernote Media October 17, 2022
    ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់

    សម្តេចអ្នកមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យា ល័យជាតិគ្រប់គ្រង(NUM) ថ្នាក់បរិញ្ញា បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិតចំនួន ៦,៤១១នាក់(នារី ៣,៥៦០នាក់) ដែលពិធីនេះប្រារព្វធ្វើនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្វា ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថានិស្សិតជ័យលាភីទាំងនេះសុទ្ធតែមានការងារធ្វើ និងប្រមាណ ១០ ភាគរយនៃនិស្សិតថ្នាក់បរិញ្ញាបត្រមានអាជីវកម្មខ្លួនឯង។

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា និស្សិតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រង មានចំនួនសរុប ៥៦,៣២៦នាក់ នារី ២៥,២៨០នាក់ ត្រូវជា ៤៤.៨ភាគ រយ។ អតីតនិស្សិតទាំងនោះ បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ, វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់, មានឧត្តមភាព, សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។

    ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យកំពុងបណ្តុះ បណ្តាលនិស្សិតសរុប ១៣,៥២០នាក់ នារី ៨,៤៧៩ នាក់ត្រូវជា ៦២.៧ ភាគរយ លើមុខជំនាញចំនួន២៣ ចែកចេញជា៣ កម្រិត រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។

    ឯកឧត្តមបណ្ឌិតសភារចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងផងដែរថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងឆ្លើយតប ទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស សាកលវិទ្យាល័យជាតិគ្រប់គ្រង បាននិងកំពុងពិនិត្យវាយតម្លៃនូវសមិទ្ធផលការងារដែលសម្រេចបាន និងចំណុចកែលម្អ ដើម្បីកសាងផែនការយុទ្ធសាស្រ្តជំហានទី៣ (២០២៤-២០២៨) ដោយផ្តោត៖ (១) ពង្រឹងនិងពង្រីកគុណភាពបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីនៃទីផ្សារពលកម្មឧស្សាហកម្ម៤.០, (២) លើកកម្ពស់សកម្មភាពស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ, (៣) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ ក្នុងកិច្ចការបណ្តុះបណ្តាល និង(៤)លើកកម្ពស់អភិបាលកិច្ចល្អ។ ជាមួយគ្នានេះ សាកលវិទ្យាល័យ ក៏បានកែសម្រួលកម្មវិធីបណ្តុះ បណ្តាល ឱ្យឆ្លើយតបពេញលេញតាមស្តង់ ដារជាតិ និងអន្តរជាតិ ព្រមទាំងបានអភិវឌ្ឍកម្មវិធីសិក្សាជំនាញថ្មីៗបន្ថែម សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឱ្យមាន សញ្ញាបត្រទ្វេ (Dual program) ជាមួយសាកលវិទ្យា ល័យដៃគូ ដែលសិក្សាជាភាសាអង់គ្លេស។

    ជាពិសេសនាពេលថ្មីៗនេះ សាកលវិទ្យា ល័យទើបតែអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល និងបំពាក់សម្ភាររូបវន្តប្រកបដោយបច្ចេក វិទ្យាទំនើប ជាទម្រង់ Digital Platform ដើម្បីបម្រើដល់ការបំពេញការងាររបស់បុគ្គលិក, ការសិក្សាស្រាវជ្រាវ, ការបង្រៀន និងការរៀនរបស់សាស្រ្តាចារ្យ និងនិស្សិត សំដៅឆ្លើយតបការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទឧស្សាហកម្ម៤.០ និងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

    ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ជាមោទនភាពរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាមុខមាត់របស់កម្ពុជា ដោយសាកលវិទ្យាល័យត្រូវបានគណៈកម្ម ការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក (The Word’s University with Real Impact Ranking) បានសម្រេចផ្តល់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យមានលំដាប់ខ្ពស់ ក្នុងចំណោមសាកលវិទ្យា ល័យល្បីៗ លើពិភពលោក ក្នុងកម្មវិធីសិក្សា នារយៈពេល២ឆ្នាំជាប់ៗគ្នានេះ គឺឆ្នាំ២០២១ និងឆ្នាំ២០២២ ក្នុងនោះរួម មាន៖ ១) កម្មវិធីបណ្តុះសហគ្រិនភាព, ២) កម្មវិធីបណ្ដុះតម្លៃសីលធម៌សង្គម, ៣) កម្មវិធីគ្រប់គ្រងពេលមានវិបត្តិ, ៤) កម្មវិធីសិក្សាសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលបដិវត្តឧស្សាហកម្ម៤.០, និង ៥)កម្មវិធីផ្លាស់ប្តូរការសិក្សានិស្សិត ដែលបាន និងកំពុងផ្តល់នូវគុណវិស័យ និងនវានុវត្តន៍ខ្ពស់ យ៉ាង សកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស។

    សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមួយ ដែលមានអាយុចំណាស់ ហើយបានចូលរួមអប់រំ និងបណ្តុះបណ្តាលធន ធានមនុស្សតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ។

    មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យកំពុងពង្រីកសាខាថ្មីមួយបន្ថែមទៀត នៅលើទីតាំងវាលស្បូវ ទំហំ ០៦ហិកតា ដែលបានទទួលពីក្រសួងអប់រំ យុវជន និងកីឡា ។ ទីតាំងនេះគ្រោងនឹងបើកទទួលនិស្សិតចុះឈ្មោះសិក្សាជំនាញសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល និងជំនាញថ្មីៗបន្ថែមទៀត នៅឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខនេះ៕

    Share This Post: