ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ទុកពេលពីរសប្ដាហ៍ឱ្យអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ដើម្បីដោះស្រាយរឿងព្រំប្រទល់ក្នុងតំបន់មួយឱ្យចប់

    BY Naren October 17, 2022
    សម្តេចតេជោ ហ៊ុន សែន ទុកពេលពីរសប្ដាហ៍ឱ្យអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ដើម្បីដោះស្រាយរឿងព្រំប្រទល់ក្នុងតំបន់មួយឱ្យចប់

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទុករយៈពេល២សប្តាហ៍ឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីដោះស្រាយបញ្ហាព្រំប្រទល់ នៅតំបន់មួយឱ្យបានចប់បើមិនដូច្នេះទេសម្តេចនឹងចុះទៅដោះស្រាយផ្ទាល់។

    ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបាននិយាយទូរស័ព្ទទៅអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិនឱ្យកែសម្រួលព្រំប្រទល់រដ្ឋបាលឱ្យបានចប់ក្នុងរយៈពេល២សប្តាហ៍ទៀត»។ សម្តេចតេជោ បានលើកឡើងថា រឿងព្រំប្រទល់រដ្ឋបាលខេត្តទាំងពីរនេះបានធ្វើជាច្រើនជំនាន់អភិបាលខេត្តគ្រប់គ្រងហើយ។ សម្តេចតេជោ គូសបញ្ជាក់ថា៖ «ខ្ញុំបាននិយាយជាមួយអភិបាលខេត្ដបាត់ដំបង សុខ លូ ថាបើសិនធ្វើមិនចប់ក្នុងរយៈពេល២សប្តាហ៍ទៀតទេ ខ្ញុំនឹងចុះទៅផ្ទាល់តែម្តង ។ វាមិនមែនកាត់ដីឱ្យបរទេសឯណា ភូមិ ហ្នឹងជាភូមិបងប្អូនប្រជាពលរដ្ឋធ្វើសមាហរណកម្ម ដល់ចេញមក អ្នកខ្លះបោះឆ្នោតនៅបាត់ដំបង ខ្លះប៉ៃលិន។ អីចឹងពិបាកណាស់ដោយ សារបាត់ដំបងដីធំ»។

    សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានប្រាប់អភិបាលខេត្តបាត់ដំបងកាត់ដីប៉ុន្មានពាន់ហិកតាឱ្យខេត្តប៉ៃលិនទៅ ដើម្បីឱ្យប្រជាជនទទួលបានក្នុងការចុះឈ្មោះបោះឆ្នោត ហើយអាចដូរកន្លែងចុះឈ្មោះ ទៅកន្លែងផ្សេង ឬនៅបោះឆ្នោតកន្លែងដដែល ហើយប្រជាពលរដ្ឋទទួលបានប្លង់ដើម្បីបានខ្ចីលុយពីធនាគារ។ សម្តេចតេជោបានលើកឡើងថា ករណីមិនទាន់ដោះស្រាយចប់នេះគឺដោយសារមានអ្នកធំមួយចំនួនបានដាំស្វាយ ដូច្នេះវាត្រូវរារាំងកុំឱ្យអភិបាលខេត្តកាត់ដីឱ្យទៅខាងណា។ សម្តេចតេជោក៏បានផ្ដាំទៅដល់អ្នកទាំងនោះសូមកុំធ្វើការរារាំង ពីព្រោះការកាត់ដីនេះ មិនបានបាត់បង់ដីទៅបរទេសណាទេ គឺនៅតែដីខ្មែរគ្រាន់តែនៅខាងខេត្តបាត់ដំបង និងខេត្តប៉ៃលិនតែប៉ុណ្ណោះ។ សម្តេចតេជោបានអះអាងថា ការកាត់ដីនេះគ្រាន់តែតម្រឹមព្រំប្រទល់ខេត្ត ហើយពលរដ្ឋអាចធ្វើដំណើរទៅមកបានជិត។

    សម្ដេចតេជោបានថ្លែងបញ្ជាក់បន្ថែមថា៖ «អីចឹងសូមចៅហ្វាយខេត្ត ចៅហ្វាយស្រុក អ្នកពាក់ព័ន្ធនឹងករណីហ្នឹង អីចឹង ទេសូមកែសម្រួលទៅដើម្បីឱ្យពលរដ្ឋបានប្លង់ដើម្បីដាក់ធនាគារបាន ដោយកុំឱ្យពលរដ្ឋនៅតំបន់ហ្នឹងអត់មានបែបនេះ រយៈពេលជាង៣០ឆ្នាំ ហើយនៅតែធ្វើមិនចេញអីចឹង សូមបញ្ជាក់»៕ ដោយ៖ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: