រដ្ឋបាលខេត្តកណ្តាល លើកពេលរៀបចំពិធីប្រណាំងទូកនៅទន្លេបាសាក់ ក្រុងតាខ្មៅ ទៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២វិញ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយស្ថានភាពកម្ពស់ទឹកទន្លេបាសាក់នៅមានកម្ពស់ខ្ពស់ (កម្ពស់ ៧,៥៤ម៉ែត្រ) ស្ថិតក្នុងកម្រិតគួរប្រុងប្រយ័ត្ន និងយោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា ទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឱ្យប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់លើចុងខាងត្បូងដីសណ្ដទន្លេមេគង្គ។
ផ្អែកតាមស្ថានភាពនេះ សូមធ្វើការលើកពេលនៃការរៀបចំពិធីប្រណាំងទូក ពីថ្ងៃសៅរ៍-អាទិត្យ ១២-១៣ រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ ទៅថ្ងៃសៅរ៍-អាទិត្យ ៥-៦កើត ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ នៅមាត់ ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរក្សាទុកនូវកម្មវិធីកំសាន្តសប្បាយនានានៅដដែល ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល