ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងផែនការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរទៅភូមិរុនតាឯក និងភូមិពាក់ស្នែងជាង៤ពាន់គ្រួសារបន្ថែមទៀត

    BY Naren October 18, 2022
    ក្រសួងផែនការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរទៅភូមិរុនតាឯក និងភូមិពាក់ស្នែងជាង៤ពាន់គ្រួសារបន្ថែមទៀត

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ក្រសួព័ត៌មាន បានឱ្យដឹងថា ក្រុមការងារនៃក្រសួងផែនការ បានមមាញឹកបន្ដធ្វើបណ្ណសមធម៌ដំណាក់កាលទី២ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការ។យុទ្ធនាការជំហានទី២នេះ ធ្វើឡើងនៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ខែតុលារហូតដល់គ្រប់ចំនួនប្រជាពលរដ្ឋដែលត្រូវផ្ដល់ប័ណ្ណសមធម៌។

    ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើបណ្ណសមធម៌ មានប្រសាសន៍ថា ការផ្ដល់បណ្ណសមធម៌ដំណាក់កាលទី២ មានចំនួន៤៧៩៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋស្ម័គ្រចិត្ដទៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រីចំនួន១៨៥៣គ្រួសារ និងនៅភូមិពាក់ស្នែងស្រុកអង្គរធំ មានចំនួន២៧៩០គ្រួសារ។ ឯកឧត្ដមបានបន្ដថា យុទ្ធនាការនេះបានរៀបចំជាប្រព័ន្ធ ដោយមានមន្ដ្រី បំពេញការងារចំនួន៦០នាក់ គឺលឿនរហ័សមិនឱ្យប្រជាពលរដ្ឋរង់ចាំយូរ ដោយផ្ដល់ឱកាសឱ្យពួកគាត់ចូលសម្ភាសន៍ម្ដងៗចំនួន៣០គ្រួសារ និងទទួលបានប័ណ្ណសមធម៌ភ្លាមៗ ហើយពួកគាត់ក្រោយពីទទួលបានប័ណ្ណសមធម៌ហើយ អាចចុះបញ្ជីទទួលលេខកូដសម្រាប់បើកប្រាក់នៅបញ្ជរវឹងនៅជិតៗទីនេះភ្លាម។

    ឯកឧត្ដម បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ២ ត្រូវប្ដូរជាបណ្ណក្រីក្រប្រភេទមួយវិញ ហើយប័ណ្ណនេះមានរយៈពេល១០ឆ្នាំ ប៉ុន្ដែសុពលភាព៣ឆ្នាំត្រូវផ្លាស់ប្ដូរម្ដង។ ចំណែកការផ្ដល់ទឹកប្រាក់សម្រេចលើរាជរដ្ឋាភិបាលចាត់ចែង។ ប្រជាពលរដ្ឋដែលត្រូវមកធ្វើប័ណ្ណសមធម៍ ត្រូវនាំយកមក ជាប់ខ្លួននូវឯកសារចាំបាច់មួយចំនួន ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បង្កាន់ដៃទីតាំងដីឡូតិ៍ និង អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ។ យុទ្ធនាការដំណាក់កាលទីមួយយើងបានផ្តល់ប័ណ្ណចំនួន៤២២៩ប័ណ្ណហើយ បើគិតជាក្បាលដីស្មើនឹង៤២២៩ក្បាលដីដែរ ហើយសម្រាប់យុទ្ធនាការលើកទីពីរ នេះទិន្នន័យ ដែលផ្តល់មកឱ្យក្រសួងផែនការសម្រាប់អនុវត្តន៍មានចំនួន៤៧៩៣គគ្រួសារ ហើយលើកទីមួយនិងលើកទីពីរបូកចួលគ្នាទៅជិត៩ពាក់ក្បាល់ដីហើយ ដែលត្រូវទៅរស់នៅភូមិធម្មជាតិរុនតាឯក និងពាក់ស្នែង។

    សូមបញ្ជាក់ថា ក្រសួងផែនការ បានបើកយុទ្ធនាការកំណត់ និងផ្ដល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋនៅតំបន់អង្គរដែលស្ម័គចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លើកទី១មានប្រជាពលរដ្ឋទៅទទួលប័ណ្ណសមធម៌ចំនួន៤២២៩គ្រួសារ និងយុទ្ធនាការលើកទី២មានប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដប្ដូរទីលំនៅទៅទាំងពីរទីតាំងនេះ ពួកគាត់បានទទួលបណ្ណសមធម៌មានចំនួន៤៧៩៣គ្រួសារ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិពាក់ស្នែង និងទៅរស់នៅរុនតាឯក បានទទួលបណ្ណសមធម៌ប្រមាណជិត១ម៉ឺនគ្រួសារហើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: