ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ណែនាំដល់មន្ត្រីកសិកម្មទាំងអស់ត្រូវដោះស្រាយបញ្ហាភ្លាមៗជូនប្រជាពលរដ្ឋដោយ ត្រូវចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវចែកពូជឱ្យពលរដ្ឋជាបន្ទាន់

    BY Khmernote Media October 18, 2022
    សម្តេចតេជោ ណែនាំដល់មន្ត្រីកសិកម្មទាំងអស់ត្រូវដោះស្រាយបញ្ហាភ្លាមៗជូនប្រជាពលរដ្ឋដោយ ត្រូវចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវចែកពូជឱ្យពលរដ្ឋជាបន្ទាន់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានណែនាំដល់មន្ត្រីកសិកម្មនិងអាជ្ញាធរដែនដីទាំងអស់ ត្រូវដោះស្រាយបញ្ហាភ្លាមៗជូនប្រជាពលរដ្ឋ ដោយត្រូវចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវចែកពូជឱ្យពលរដ្ឋជាបន្ទាន់ ដើម្បីអាចជួយដោះស្រាយជីវភាពរបស់ប្រជាកសិករក្រោយទឹកស្រកទៅវិញ។

    ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្រវា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងសកម្ម ភាពការងារវាយតម្លៃផលប៉ះ ពាល់ដោយទឹកជំនន់មកលើប្រជាកសិករនិងការចែកគ្រាប់ពូជ ជូនដល់ប្រជាពលរដ្ឋ ក្រសួងត្រូវធ្វើការជាបន្ទាន់ នៅពេលវាយតម្លៃរួច ត្រូវដឹកជញ្ជូនគ្រាប់ពូជជូនប្រជាពលរដ្ឋភ្លាមៗ។

    សម្តេចតេជោ បានបន្តថា ចំពោះកន្លែងណាអាចធ្វើស្រូវបាន ឱ្យពួកគាត់ធ្វើស្រូវ ចំពោះកន្លែងណាដែលមិនអាចធ្វើស្រូវបាន ត្រូវផ្តល់គ្រាប់ពូជដំណាំរួមផ្សំជូនពួកគាត់ ដើម្បីឱ្យទាន់ពេលវេលា។ សម្តេចតេជោ បានបន្តទៀតថា សម្រាប់អាជ្ញាធរខេត្តដែលជាប់ពាក់ព័ន្ធត្រូវនៅកៀកជាមួយប្រជាជន ហើយយន្តការរបស់ក្រសួងកសិកម្មត្រូវតែធ្វើសកម្មភាពនេះជាមួយក្រសួងសេដ្ឋកិច្ច ដើម្បីធ្វើការវាយតម្លៃអំពីការខូចខាត ហើយផ្គត់ផ្គង់ពូជភ្លាម។

    សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានស្តុកនូវគ្រាប់ពូជយុទ្ធសាស្ត្រ ដើម្បីការពារនូវហានិភ័យនានា ដែលអាចកើតឡើង សម្រាប់ការបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋ មិនជួបបញ្ហាខ្វះខាតពូជនោះទេ។

    «អាជ្ញាធរខេត្តដែលជាប់ពាក់ព័ន្ធ ត្រូវនៅកៀកកិតជាមួយប្រជាជន យន្តការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែធ្វើសកម្មភាពនេះឱ្យបានលឿន ជាមួយគណៈកម្ម ការគោលនយោបាយសេដ្ឋកិច្ច ដែលក្នុងនោះមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីធ្វើការវាយតម្លៃអំពីការ ខូចខាត ហើយផ្គត់ផ្គង់ពូជភ្លាមសម្រាប់ប្រជាជន។ ដូចខ្ញុំបាននិយាយមិញអ៊ីចឹងកន្លែងណាធ្វើស្រូវបានផ្តល់ពូជស្រូវ កន្លែងណាដែលមិនអាចធ្វើស្រូវបានត្រូវផ្តល់ជាពូជដំណាំរួមផ្សំផ្សេងទៀត ដើម្បីឱ្យគាត់បានដាំ នេះជាវិធីដើម្បីដោះស្រាយ។

    ហើយអត់រង់ចាំថាហើយមួយស្រុក បានរាយការណ៍អត់ទេ វាយតម្លៃមួយឃុំគឺបញ្ជូនទិន្នន័យមួយឃុំដឹកទៅតែម្តងឱ្យប្រជាពលរដ្ឋ មិនត្រូវឱ្យប្រជាពលរដ្ឋរត់ រកស្រូវពូជនោះទេ។ ហើយសូមផ្ញាំទៅមន្ត្រីកសិកម្មទាំងអស់ ក៏ដូចជាអាជ្ញាធរដែនដី មិនមែនជិះសេះមើលផ្កាទេ ត្រូវនៅឱ្យជាប់ជាមួយប្រជាពលរដ្ឋ វាយតម្លៃឱ្យត្រូវ ហើយនៅកៀកកិតជាមួយគាត់ជួនកាលពូជដាក់ទៅវាមិនដុះ បើមិនដុះត្រូវដោះស្រាយបន្តទៀត អ៊ីចឹងបានកាលៈទេសៈនេះ ទាមទារឱ្យផ្នែកកសិកម្មយកចិត្តទុកដាក់ធ្វើអន្តរាគមន៍បន្ទាន់ អត់មានពេលត្រូវរង់ចាំនេះ រង់ចាំនោះ ធ្វើផង មិនធ្វើផង អត់ទេ»៕

    ប្រភព៖ ក្រសួងព័ត៌មា​ន

    Share This Post: