ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃទី១ នៃពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិនៅខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរមកលេងកម្សាន្តជិត ៥ម៉ឺននាក់

    BY Khmernote Media October 18, 2022
    ថ្ងៃទី១ នៃពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិនៅខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរមកលេងកម្សាន្តជិត ៥ម៉ឺននាក់

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីអាក់ខានរយៈពេល២ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តការណ៍ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិឡើងវិញ ជាលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក, ជាក់ស្តែងថ្ងៃទី១ នៃព្រឹត្តការណ៍នោះ មានភ្ញៀវទេសចរមកទស្សនា និងលេងកម្សាន្ត ប្រមាណ៤៧,៥០០នាក់។

    សម្រាប់ពិធីបើកព្រឹត្តការណ៍ប្រណាំងទូក ត្រូវបានធ្វើឡើងនៅវេទិកាអុំទូក នៅរ៉បមាត់ស្ទឹង ជាប់ផ្លូវលេខ១០១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងយុវជន យុវនារី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

    ថ្លែងក្នុងឱកាសបើកដំណើរការព្រឹត្តការណ៍ប្រណាំងទូក ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវកតញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ គោលនយោបាយដ៏ត្រឹមត្រូវ និងបានដឹកនាំប្រទេសជាតិ បន្តរក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ។

    ទន្ទឹមនឹងពិភពលោក បានជួបវិបត្តិសកល រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺឆ្លងរាតត្បាត ជាសាកលកូវីដ១៩ ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងពុះពារជម្នះ ដោះស្រាយបញ្ហាប្រឈមនានា បណ្តាលមកពីវិបត្តិនៃជំងឺ។ ជាមួយគ្នានោះខេត្តពោធិ៍សាត់របស់យើង ពិតមានជាមានកិត្តិយសខ្លាំងណាស់ ដោយរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក «ង» ឆ្នាំ២០២២នេះឡើងវិញ ក្រោយពីអាក់ខានរៀបចំរយៈពេល២ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ១៩។

    ឯកឧត្តមបានជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាពិធីបុណ្យប្រពៃណីជាតិ ដ៏មានប្រជាប្រិយបំផុតរបស់ប្រជាពលរដ្ឋខ្មែរ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធតាំងពីសម័យបូរាណ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ដើម្បីរំលឹកគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីផុតពីការជិះជាន់របស់ខ្មាំងសត្រូវ។ ព្រឹត្តិការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ពីការចូលរួមអភិរក្សអ្វី ដែលបុព្វបុរសខ្មែររបស់យើងបានបន្សល់ទុក តាំងពីអតីតកាល និងដើម្បីបង្ហាញពីទំនៀម ទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ និងកិត្យានុភាពនៃជាតិខ្មែរ នៅក្នុងយុគសម័យសន្តិភាពដ៏រុងរឿងរបស់យើង។

    ឯកឧត្តមសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញមកចូលរួមសប្បាយ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តពោធិ៍សាត់ ឆ្នាំ២០២២ ឱ្យបានច្រើនកុះករ និងសូមចូលរួមថែរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាតជានិច្ច ហើយត្រូវបន្តអនុវត្តវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឱ្យខ្ជាប់ខ្ជួន និងសំណូមពរដល់កងកម្លាំងទាំងអស់ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីនេះ ឱ្យបានល្អប្រសើរ៕

    ប្រភព៖ Pursat Provincial Hall

    Share This Post: