បច្ចេកវិទ្យា

iPhone 14 អែបកៀន! ទូរស័ព្ទ iPhone 2G មិនទាន់បើកពីប្រអប់មួយគ្រឿង ត្រូវបានលក់ចេញក្នុងតម្លៃជិត ៤០,០០០ ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃមួយនាពេលថ្មីៗនេះ

BY
Lyda
October 18, 2022

ប្រសិនបើអ្នកបានទិញទូរស័ព្ទ iPhone ជំនាន់ទី១ របស់ក្រុមហ៊ុន Apple នៅពេលដែលវាបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០០៧ វានឹងមានតម្លៃប្រមាណ ៥៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែគ្មាននរណាគិតដល់ទេថា ១៥ឆ្នាំក្រោយមក តម្លៃរបស់ iPhone ស៊េរីដដែលនោះ បានហក់ឡើងដល់ទៅជិត ៤០,០០០ ដុល្លារអាមេរិក។ ប្រភពពី Business Insider បានឱ្យដឹងថា iPhone ជំនាន់ដំបូង ១គ្រឿងនោះ បានលក់ក្នុងតម្លៃ $៣៩,៣៣៩.៦០ នៅក្នុងការដេញថ្លៃមួយ កាលពីពេលថ្មីៗនេះ។ ទូរស័ព្ទ iPhone មួយគ្រឿងនោះ មិន​មែនជារបស់មួយទឹក ហើយក៏ស្ថិតនៅក្នុងប្រអប់ហ្ស៊ីនដើមរបស់វាផងដែរ។


រូបតំណាង iPhone 2G

ទូរស័ព្ទ iPhone បុរាណមួយគ្រឿងនោះ ត្រូវបានចុះបញ្ជីនៅលើការដេញថ្លៃរបស់ក្រុមហ៊ុនដេញថ្លៃ LCG នៅថ្ងៃទី៣០ ខែកញ្ញា ហើយការដេញថ្លៃបានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ វាត្រូវបានគេប៉ាន់ប្រមាណជាមុនថា នឹងអាចប្រមូលបាន ៣០,០០០ ដុល្លារអាមេរិក ឬច្រើនជាងនេះនៅលើប្លុកដេញថ្លៃ ខណៈតម្លៃដេញថ្លៃបានចាប់ផ្ដើមពី ២,៥០០ ដុល្លារអាមេរិក។ តម្លៃរបស់វានៅពេលដេញថ្លៃចេញជាស្ថាពរ គឺច្រើនជាង ៦៥ដង នៃតម្លៃដើមរបស់វា នៅពេលដែលទូរស័ព្ទនេះបានចេញលក់លើកដំបូង នៅក្នុងឆ្នាំ២០០៧។ ប៉ុន្មានម៉ោងមុនការដេញថ្លៃបានបញ្ចប់ ការតម្លៃខ្ពស់បំផុតរបស់វាគឺ ១០,០០០ ដុល្លារ ប៉ុន្តែការដេញថ្លៃបានកើនឡើងកាន់តែខ្លាំង នៅពេលដែលការដេញថ្លៃជិតដល់ទីបញ្ចប់។

កាលពី១៥ឆ្នាំមុន អតីតសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Steve Jobs បានហៅ iPhone 2G នេះថា ជាការរួមបញ្ចូលគ្នានៃ «iPod, ទូរស័ព្ទ និងឧបករណ៍ទំនាក់ទំនងអ៊ីនធឺណិត»។ ទូរស័ព្ទ iPhone ជំនាន់ទី១ មានអេក្រង់ទំហំ 3.3 អ៊ីញ, កាមេរ៉ា 2 មេហ្គាភិចសែល និងកម្មវិធី Safari ។ ជំនាន់ដំបូងនៃ iPhone គឺមានទិន្នន័យផ្ទុកត្រឹមតែ 4 GB ឬ 8 GB ប៉ុណ្ណោះ ប៉ុន្តែក្រោយមកមានជម្រើស 16 GB។ ចំណែក iPhone ថ្មីបំផុតរបស់ Apple បច្ចុប្បន្នគឺ iPhone 14 ដែលមានអេក្រង់ 6.1 អ៊ីង កាមេរ៉ា 12 មេហ្គាភិចសែល និងអង្គផ្ទុកទិន្នន័យរហូតដល់ 512 GB ជាមួយនឹងតម្លៃ​លក់ ៧៩៩ ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider

Share This Post: