បច្ចេកវិទ្យា

ឡានហោះអគ្គិសនីរបស់ក្រុមហ៊ុនចិន Xpeng Inc បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅទីក្រុងឌូបៃ

BY
Lyda
October 20, 2022

ឡានហោះមួយគ្រឿង ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិករបស់ចិន Xpeng Inc បានធ្វើការហោះហើរជាសាធារណៈជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប់រួម ខណៈដែលក្រុមហ៊ុននេះកំពុងស្វែងរកការដាក់ឱ្យដំណើរការឡានហោះអគ្គិសនីនៅលើទីផ្សារអន្តរជាតិ។ ឡានហោះម៉ូដែល X2 គឺជាយានសម្រាប់ការហោះឡើង និងចុះចតបញ្ឈរ (eVTOL) ដែលមានកៅអីចំនួន ២, មានស្លាបសរុបចំនួន ៨ ដោយមានស្លាបចំនួន ២ នៅជ្រុងនីមួយៗ។ ក្រុមហ៊ុននិយាយថា វាមានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ការហោះហើរសាកល្បងរយៈពេល ៩០នាទី ដោយគ្មានជិះកាលពីថ្ងៃចន្ទសប្ដាហ៍មុន នៅទីក្រុងឌូបៃ ត្រូវបានពិពណ៌នាដោយក្រុមហ៊ុនផលិតថាជា «មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ»។ លោក Minguan Qiu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Xpeng Aeroht បាននិយាយថា៖«យើងកំពុងធ្វើការមួយជំហានម្តងៗទៅកាន់ទីផ្សារអន្តរជាតិ។ យើង​ជ្រើសរើស​ទីក្រុង​ឌូបៃដំបូងគេ ព្រោះ​ឌូបៃ​គឺជា​ទីក្រុង​ដែល​មាន​ភាព​ច្នៃប្រតិដ្ឋ​បំផុត​ក្នុង​ពិភពលោក»។ ជម្រាបផងដែរថា ការហោះហើរលើកនេះគឺគ្មានមនុស្សជិះនៅក្នុងកាប៊ីនទេ ប៉ុន្តែក្រុមហ៊ុននិយាយថា ខ្លួនបានធ្វើតេស្តហោះហើរជាមួយមនុស្សរួចមកហើយ នៅក្នុងខែកក្កដា ឆ្នាំ២០២១។

វាមិនដូចយន្តហោះ និងឧទ្ធម្ភាគចក្រនោះទេ ដោយសារយាន eVTOL មួយនេះ គឺជាយានជំនិះដែលផ្តល់នូវការធ្វើដំណើរផ្ទាល់ខ្លួនភ្លាមៗ ពីចំណុចមួយទៅចំណុចមួយ តាមការកំណត់របស់អ្នកបញ្ជា។ យានដែលគ្មានតៃកុងបើកមួយនេះ នឹងបម្រើឱ្យការធ្វើដំណើរឆ្លងតាមអាកាសគេចផុតពីការស្ទះចរាចរ។ ប៉ុន្តែយ៉ាងណា វិស័យនេះនៅតែប្រឈមមុខនឹងបញ្ហាប្រឈមធំៗ រួមទាំងអាយុកាលថ្ម ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងសុវត្ថិភាព និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: