សម្ដេចតេជោ ហ៊ុន សែន៖ «យើងបញ្ជាក់ទៅប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ រាជរដ្ឋាភិបាលមិនរើបងប្អូនចេញទៅណាទេ»
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងថា រាជរដ្ឋាភិបាលមិនតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ព្រះដាក់ ប្ដូរទីលំនៅនោះទេ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូចច្នេះថា រាជរដ្ឋាភិបាលមិនតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ព្រះដាក់ រុះរើប្ដូទីលំនៅទៅណាឡើយដោយសារតំបន់នេះស្ថិតនៅក្នុងរដ្ឋបាលចាស់ដែលមានស្រាប់ដូច្នេះរាជរដ្ឋាភិបាលមិនលុបចេញនោះទេ ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើត្រូវតែគោរពតាមលក្ខខណ្ឌ ២ចំណុច ទីមួយគោរពតាមលក្ខខណ្ឌរបស់អជ្ញាធរជាតិអប្សរាក្នុងការសាងសង់ទីលំនៅថ្មី មានន័យថាចំពោះអ្នកដែលបែកគ្រួសារ មិនអាចសង់ទីលំនៅថ្មីនៅក្នុងតំបន់នេះបានទៀតឡើយ ពោលគឺត្រូវទៅសង់ទីលំនៅនៅកន្លែងថ្មី និងលក្ខខណ្ឌទីពីរគឺទាក់ទិនទៅនឹងដីបង្កបង្កើនផល និងបញ្ហាបាតបារាយ៍ ។
ចំណុចមួយនេះសម្ដេចតេជោបានបញ្ជាក់ផងដែរថា គណៈកម្មការតម្រង់ទិសមានដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អជ្ញាធរជាតិអប្សរា, និងជាពិសេសគឺជ្ញាធរខេត្តសៀមរាប ត្រូវសម្រួលជាមួយប្រជាពលរដ្ឋក្នុងតំបន់ខាងលើដើម្បីទម្លាក់ទឹកទៅលើដីបង្កបង្កើនផល ដូច្នេះចាំបាច់ត្រូវតែដោះស្រាយ ដោយរកដីបង្កបង្កើនផលថ្មីជូនប្រជាពលរដ្ឋនៅកន្លែងណាផ្សេង ។
គួរឱ្យដឹងផងដែរថា ឃុំព្រះដាក់ គឺជាឃុំមួយស្ថិតនៅក្នុង រដ្ឋបាលស្រុកបន្ទាយស្រី។ ឃុំនេះមានភូមិចំនួន ៦ មានដូចជាភូមិព្រះដាក់ ភូមិថ្នល់បណ្ដោយ ភូមិតាត្រៃ ភូមិថ្នល់ទទឹង ភូមិតាកុះ និងភូមិអូរទទឹង ៕

ប្រភព៖ ក្រសួងព័ត៌មាន